មន្ត្រីយោធាម្នាក់ ប្រកាច់ធ្លាក់លើពីកៅអីស្លាប់មួយរំពេច ខណៈកំពុងឈ្លោះប្រកែកជាមួយពលរដ្ឋ រឿងមិនឲ្យឈូសឆាយដី

12-07-2019 10:37am

កំពង់ឆ្នាំងៈ មន្ត្រីយោធារបស់K88ម្នាក់ បានប្រកាច់ធ្លាក់ពីលើកៅអី បណ្តាលអោយស្លាប់ភ្លាមៗកាលពីវេលាម៉ោងជាង​៣រសៀលថ្ងៃទី១១ កក្កដា ២០១៩ នៅចំណុចបង្គោលកីស្រីម៉ៅតំបន់ភ្នំដំរីរមាល ស្ថិតក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំ បន្ទាប់ពីទៅរារាំងពលរដ្ឋមិនឲ្យ​ឈូសឆាយលើដី ដែលពួកគាត់កាន់កាប់យូរណាស់មកហើយ។

ប្រជាពលរដ្ឋ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ដារារដ្ឋ ជាមន្ត្រីយោធាK88 ចំណុះអគ្គបញ្ជាការក្រសួងការពារជាតិ។

ប្រជាពលរដ្ឋ បានបន្តអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ បាននឹងកំពុងជជែកប្រកែកគ្នាជាមួយប្រជាពលរដ្ឋម្ចាស់ដីនៅកន្លែងខាងលើ ពេលនោះជនរងគ្រោះថែមទាំងបានត្រៀមចាប់គ្រឿងចក្ររបស់ប្រជាពលរដ្ឋយ៉ាងតឹងមាត់តឹងកដាក់គ្នា ស្រាប់តែជនរងគ្រោះប្រកាច់ធ្លាក់ពីលើ​កៅអី បណ្តាលឲ្យ​ស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានមិត្តភក្តិ​ដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត តែប្រធានមន្ទីរពេទ្យខេត្ត លោកវេជ្ជបណ្ឌិត សូរិន្ឍ ធីរ៉ាវុទ្ធី បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះបានស្លាប់បាត់តាំពីមិនទាន់មកដល់មន្ទីរពេទ្យទៅទៀត។ បន្ទាប់មក​សាកសព ត្រូវបាន យកទៅប្រគល់អោយប្រពន្ធកូនដឹកយកទៅលំនៅឋាន ដើម្បី​រៀបចំធ្វើបុណ្យតាមប្រពៃណី។

គួបញ្ជាក់ផងដែរថា នា​រសៀលម៉ោង៣ថ្ងៃទី១១ កក្កដា ២០១៩ មានក្រុមទាហាន១ក្រុម ទៅចុះចាប់ប្រជាពលរដ្ឋឈូសឆាយដីរបស់គាត់ នៅតំបន់កា៨៨ ដែលជាដីរបស់ពលរដ្ឋ គាត់កាន់កាប់តាំពីឆ្នាំ១៩៨២ ភូមិគុលគប់ ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង យូរមកហើយ៕