សមត្ថកិច្ចបង្ក្រាបឡានដឹកឈើ២គ្រឿងទៀត ដុតបំផ្លាញចោល ស្រុកអូរយ៉ាងដាវ

12-07-2019 10:02am

(រតនគិរី)៖   នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាប បានរថយន្ដឡង់គ្រីស័រកែច្នៃ ចំនួន២គ្រឿង ដោយផ្ទុកឈើសរុបចំនួន៣៥ដុំ ស្មើនឹងជិត៦,០០០ម៉ែត្រគូប។

គណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន បានបើកប្រតិបត្តិការបង្ក្រាបរថយន្ដដឹកឈើចំនួន២គ្រឿងជាបន្ដបន្ទាប់ នៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ  ក្រោយបញ្ចប់ប្រតិបត្តិការទាំងពីរករណី រថយន្ដឡង់គ្រីស័រកែច្នៃទាំង២គ្រឿងនោះ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។ ដោយឡែក វត្ថុតាងឈើពពូល និងឈើសុក្រំ ដែលដកហូតបានសមត្ថកិច្ច បានប្រគល់ជូនរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការបន្ដតាមនីតិវិធី។

មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីឧត្តមមសេនីយ៍ត្រី ថាវ យ៉េន បានប្រាប់ឲ្យដឹងដែរថា តាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះ ក្រុមការងារដឹកនាំដោយរូបលោក និងលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរនគិរី បានបញ្ជាកម្លាំងយករថយន្តឡង់គ្រីស័រច្នៃទាំង២គ្រឿងនេះ ដុតបំផ្លាញចោលនៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកអូរយ៉ាដាវផងដែរ៕