ថ្នាក់ដឹកនាំខេត្តកំពង់ចាម បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់

12-07-2019 10:00am

កំពង់ចាមៈ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការចុះអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅខេត្តកំពង់ចាម។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក​  អ៊ុន  ចាន់ដា  អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម  លោក ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា និង លោកឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍  ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ទទួលការងារអន្តោប្រវេសន៍ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត  លោក លោកស្រី គណៈ អភិបាលទទួលការងារអន្តោប្រវេសន៍ក្រុង-ស្រុកទាំង១០  លោក  លោកស្រីមេឃុំ ចៅសង្កាត់ ទាំង១០៩ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃ អគ្គនាយកអន្តោប្រវេសន៍ បានបង្ហាញនូវការផ្តោតសំខាន់នូវអនុក្រឹត្យលេខ១២៩ អនក្របក របស់រដ្ឋាភិបាល ស្តីពីការលុបចោល នូវឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានមតិណែនាំដល់ ស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង-ស្រុក មេឃុំចៅសង្កាត់ ប៉ុស្តិ៍នគរបាល ទូទាំងខេត្ត ចូលរួមសហការឲ្យបានជិតស្និទ្ធ ជាមួយមន្ត្រីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្ត ឲ្យ បានជោគជ័យនូវ អនុក្រិត្យ លេខ ១២៩ ហើយបានសំនូមពរ ឲ្យ មន្ត្រីរដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិរដ្ឋបាលទាំងអស់ មុននិងចេញលិខិតស្នាមរដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋ សូមពិនិត្យឲ្យបានច្បាស់លាស់ និងស្នើសុំឲ្យសមត្ថកិច្ច និងរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ សម្របសម្រួល  និងសហការប្រកប ដោយការទទួលខុសត្រូវ ជាមួយមន្ត្រីជំនាញ អន្តោប្រវេសន៍  ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕