នាវាអ៊ីរ៉ង ព្យាយាមស្កាត់ដើម្បីរឹបអូសយកនាវាដឹកប្រេងអង់គ្លេស នៅជិតតំបន់ឈូងសមុទ្រពែរ្ស

11-07-2019 2:47pm

ឈូងសមុទ្រពែរ្សៈ ក្រសួងការពារជាតិអង់គ្លេស បានអះអាងថា នាវាអ៊ីរ៉ង់ជាច្រើនគ្រឿង បានព្យាយាមស្កាត់ដើម្បីរារាំងនាវាដឹកប្រេងអង់គ្លេសនៅជិតតំបន់ឈូងសមុទ្រពែរ្ស មុនពេលត្រូវបានរុញច្រានទៅវិញដោយនាវាកងទ័ពជើងទឹកភូមិន្ទចក្រភពអង់គ្លេស។

អ្នកនាំពាក្យម្នាក់ បាននិយាយថា នាវាកងទ័ពជើងទឹកអង់គ្លេស HMS Montrose បានបើកចន្លោះនាវា៣គ្រឿង និងនាវាដឹកប្រេង British Heritage មុនពេលចេញការព្រមានដោយពាក្យសម្តីមកលើនាវាអ៊ីរ៉ង់។

អ្នកនាំពាក្យរូបនោះ បានចាត់ទុកសកម្មភាពរបស់អ៊ីរ៉ង់ ថាផ្ទុយស្រឡះពីច្បាប់អន្តរជាតិ។

គួរឲ្យដឹងថា អ៊ីរ៉ង់ ធ្លាប់បានព្រមានរួចមកហើយថា នឹងសងសឹកអង់គ្លេស សម្រាប់ការរឹបអូសយកនាវាដឹកប្រេងរបស់ពួកគេ ប៉ុន្តែត្រូវបានគេវាយបកវិញ រាល់ការប៉ុនប៉ងណាមួយនៃការរឹបអូសរបស់ពួកគេ។

នាវាដែលគេជឿថាជារបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានព្យាយាមបើកខិតមកជិតនាវាដឹកប្រេង British Heritage ហើយនិងបានព្យាយាមកៀងវាឲ្យឈប់ ពេលដែលនាវាមួយគ្រឿងនេះ បើកចេញពីតំបន់ឈូងសមុទ្រពែរ្ស ចូលទៅកាន់ច្រកសមុទ្រហ័រមូស៕