រថភ្លើងជល់គ្នានៅប៉ាគីស្ថាន សម្លាប់មនុស្ស៩នាក់ និងរបួសជាង៦០នាក់

11-07-2019 2:39pm

ប៉ាគីស្ថានៈ ក្រុមមន្រ្តី បានអះអាងថា មនុស្សយ៉ាងហោច៩នាក់ បានស្លាប់ និងជាង៦០នាក់ផ្សេងទៀត បានរងរបួស ពេលដែលរថភ្លើង២ខ្សែ បានជល់គ្នានៅភាគកណ្តាលប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

មន្រ្តីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលប៉ាគីស្ថាន បាននិយាយថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅក្នុងស្រុករ៉ាហ៊ីម យ៉ា ខាន់ ស្ថិតនៅក្នុងខេត្តពុនចាប ពេលដែលរថភ្លើងដឹកអ្នកដំណើរមកពីទីក្រុងភាគខាងកើតឡាហ័រ ជល់ពេញទំហឹងជាមួយរថភ្លើងដឹកទំនិញ ដែលបានឈប់នៅផ្លូវឆ្លងកាត់ ។

លោកអូម៉ា សាឡាម៉ាត គឺជាមន្រ្តីនគរបាលក្នុងស្រុក បាននិយាយប្រាប់ទូរទស្សន៍ Geo News ថា សាកសពមនុស្សយ៉ាងហោច៩នាក់ ត្រូវបានទាញចេញពីទូរថភ្លើង។

លោកសាឡាម៉ាត បាននិយាយថា អ្នកដំណើរ៦៦នាក់ បានរងរបួសនៅក្នុងឧប្បត្តិរថភ្លើងជល់គ្នានេះ ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ក្នុងនោះអ្នកដំណើរ៣-៤នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕