គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់មួយរំពេច

11-07-2019 1:42pm

បន្ទាយមានជ័យ:  គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូវ៉ាជែង ជ្រុលទៅបុករថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់មួយរំពេច កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់បង្គោលភ្លើងលេខ០៥៨៩-០៥៩០ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ធក ថន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ស្លាប់)។

មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I 7554 មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ សង្ស័យឡើងវ៉ាជែងរថយន្ត ដែលស្របទិសគ្នាខ្វះការប្រុងប្រយ័ត្ន ក៏ស្រាប់តែទៅបុករថយន្តមួយគ្រឿង ម៉ាកRX300 ពណ៌ស គ្មានពាក់ស្លាកលេខ បានបើកបរក្នុងទិសដៅផ្ទុយគ្នាពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង។  អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកម៉ូតូ និងរថយន្តខូចធ្ងន់ ត្រូវកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុក បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕