Serena Williams ផ្តួលគូប្រកួត Alison Riske ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon

11-07-2019 9:43am

វាយតឺន្នីសៈ កីឡាការិនី Serena Williams នៅត្រូវការជ័យជំនះ២លើកទៀតប៉ុណ្ណោះពីការតាមស្មើកំណត់ត្រា ជើងឯក Grand Slam ២៤លើករបស់អតីតកីឡាការិនី Margaret Court ប៉ុន្តែនាងមានសភាពស្ទាក់ស្ទើរច្រើននៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Wimbledon របស់នាងជាមួយកីឡាការិនី Alison Riske កាលពីថ្ងៃអង្គារម្សិលមិញនេះ ។

ជើងឯក Wimbledon ៧សម័យកាលវ័យ៣៧ឆ្នាំម្នាក់នេះ ដែលរកបានជ័យជំនះ៩៧លើកនៅ Wimbledon ដើម្បីឡើងមកឈរនៅលេខរៀងទី២លើតារាងកីឡាការិនីឈ្នះការប្រកួតមួយនេះច្រើនជាងគេបំផុតនោះ ហាក់ដូចជារងសំពាធខ្លាំងពីជនរួមជាតិអាមេរិករបស់នាង មុនពេលអាចសម្រេចបានជ័យជំនះ6-4, 4-6, 6-3 នៅការប្រកួតមួយចំណាយពេលជាង២ម៉ោង។

កីឡាការិនី Williamsនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon លើកទី១២ ជាកន្លែងដែលនាងនឹងត្រូវប៉ះជាមួយកីឡាការិនីជើងចាស់ Barbora Strycova មកពីប្រទេសឆេក។

កីឡាការិនីអាមេរិកម្នាក់នេះបាននិយាយថា នាងមិនអាចមើលស្រាលគូប្រកួតវ័យ៣៣ឆ្នាំម្នាក់នេះបានទេ ក្រោយពេលដែលគូប្រកួតម្នាក់នេះ បានផ្តួលគូប្រកួតជាប់ចំណាត់ថ្នាក់ពិភពលោក៤រូប ក្នុងដំណើររបស់គាត់ឡើងមកដល់វគ្គ៤នាក់ចុងក្រោយ។

Williams បាននិយាយពីកីឡាការិនី Strycova ថា នាងលេងល្អខ្លាំងណាស់នៅលើទីលានវាលស្មៅ។

នាងបាននិយាយថា គូប្រកួតម្នាក់នេះ មានតិចនិកលេងច្រើន ចេះបត់បែនគ្រប់កាលៈទេសៈ ហេតុដូច្នេះហើយវាមិនមែនជាការងាយស្រួលនោះទេ៕