អ្នកចាំទី Mouez Hassen សុំទោសក្រុមទុយនីស៊ី ចំពោះប្រតិកម្មខុសទំនងរបស់គាត់

11-07-2019 9:26am

បាល់ទាត់ៈ កាលពីថ្ងៃអង្គារ អ្នក​ចាំទី Mouez Hassen របស់ក្រុមជម្រើសជាតិទុយនីស៊ី បាននិយាយសុំទោសចំពោះប្រតិកម្មដ៏ខឹងសម្បាររបស់លោក ពេលដែលត្រូវបានជំនួសដោយអ្នកចាំទីបម្រុង មុនការស៊ុតបាល់ប៉េណាល់ទីកាត់សម្រេច Shootout ជាមួយក្រុមជម្រើសជាតិហ្គាណា នៅ Africa Cup of Nations។

អ្នកចាំទីវ័យ២៤ឆ្នាំម្នាក់នេះ ត្រូវបានដាក់ជំនួយដោយអ្នកចាំទី Farouk Ben Mustapha ភ្លាមៗនៅដំណាច់ម៉ោងបន្ថែមអំឡុងជំនួប១៦ក្រុមចុងក្រោយកាលពីថ្ងៃចន្ទ ដែលគេមើលឃើញក្រុមជម្រើសជាតិទុយនីស៊ី ឈ្នះការស៊ុតបាល់ប៉េណាល់ទី៥-៤ បន្ទាប់ពីការប្រកួតបញ្ចប់ទៅត្រឹមលទ្ធផលស្មើ១-១នៅក្នុងទីក្រុង Ismailia ។

អ្នកចាំទី Hassen បានសរសេរតាម Twitterថា លោកចង់ត្រឡប់ក្រោយឧប្បត្តិហេតុកាលពីថ្ងៃម្សិលមិញ ហើយលោកគឺជាមនុស្សដំបូងគេ ត្រូវសុំទោសដល់គ្រូបង្វឹក មិត្តរួមក្រុម ក៏ដូចជាក្រុមអ្នកគាំទ្រជម្រើសជាតិទុយនីស៊ីទាំងអស់។ ទង្វើរដ៏គួរសោកស្តាយរបស់លោក មានតែដាក់សំពាធបន្ថែមទៀតប៉ុណ្ណោះមកលើការប្រកួត។

សូមបញ្ជាក់ថា ឧប្បត្តិហេតុនេះដែរ បានធ្វើឲ្យគេនឹកឃើញដល់ឧប្បត្តិហេតុនៅវគ្គផ្តាច់ព្រ័ត្រ English League Cup ក្នុងឆ្នាំនេះ ពេលដែលអ្នកចាំទី Kepa Arrizabalaga របស់ក្រុម Chelsea បានបដិសេធន៍មិនព្រមចេញពីការប្រកួត មុនការស៊ុតបាល់ប៉េណាល់ទី Shootoutដែលទីបញ្ចប់ត្រូវបានឈ្នះដោយក្រុម Man City៕