វង្ស ថាណាន់ ក្រោយសិល្បៈហក់ឡើងប្រមូលលុយទិញផ្ទះនិងឡាន

10-07-2019 4:00pm

ភ្នំពេញៈ កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ តារាចម្រៀង លោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខជនCambodian idol បានឡើងផ្ទះថ្មីមួយជុងតម្លៃជាង១៣ម៉ឺនដុល្លារយ៉ាងកាលីព ដោយមានសិល្បករចូលរួមអបអរផង។ ពិធីរបស់លោកត្រូវបានលេចឡើង ស្របពេលដែលអាជីពចម្រៀងរបស់លោក កាន់តែមានការរីកចំរើន។

ផ្ទះដែលលោក វង្ស ថាណាន់ បានប្រារព្ធពិធីឡើងនោះ ជាផ្ទះមួយជុង៣ជាន់នៅក្នុងបុរីពិភពថ្មីចម្ការដូង១ ដោយមុនពិធីឡើងផ្ទះ លោកក៏បានបង្អួតរថយន្តជាកាដូរបស់មនុស្សម្នាក់ តម្លៃជាង២ម៉ឺនដុល្លារ ធ្វើអោយមនុស្សម្នាក់កោតសរសើរពីសំណាងរបស់លោកផងដែរ។ ក្រោយបង្អួតទ្រព្យតម្លៃសែនដុល្លារនេះ ម្នាក់ៗស្រឡាំងកាំងមិនតិចនោះទេ ដោយសារតែលោកត្រូវគេស្គាល់ថាជាអតីតក្មេងកំព្រារស់នៅក្នុងមណ្ឌល ប៉ុន្តែពេលនេះ លោកតស៊ូបានសម្រេច ដោយបានទាំងកេរ្តិ៍ឈ្មោះ និង ជីវភាពរឹងមាំ នៅក្នុងសិល្បៈ។ លោកថានេះជាលទ្ធផលដែលលោកធ្លាប់តែស្រម៉ៃ ដូច្នេះហើយទើបលោកយល់ថា សិល្បៈគឺជាអ្មកផ្ដល់កំណើតទី២អោយខ្លួន ដែលធ្វើអោយលោកមានថ្ងៃនេះ។ លោកក៏មិនភ្លេចអរគុណដល់មនុស្សម្នាក់ ដែលតែងតែនាំផ្លូវអោយលោកបានចូលសិល្បៈ និងជួយអោយលោកអាចមានថ្ងៃនេះផងដែរ។

លោក វង្ស ថាណាន់ និយាយថា លោករំភើបរកអ្វីប្រដូចមិនបាននោះទេ នៅពេលលទ្ធផលនៃការតស៊ូ ទទួលបានផ្លែផ្កាជាវិជ្ជមាន។ ក្រោយពិធីសម្ពោធផ្ទះ លោកក៏ត្រៀមបញ្ចេញបទចម្រៀងថ្មីៗ ដើម្បីពង្រីកប្រជាប្រិយភាពដូចគ្នា នៅក្នុងពិភពចម្រៀង ដោយលោកប្រកាសថា ទោះជាស្ថិតក្នុងតំណែងជាអ្នកចម្រៀងឯករាជ្យគ្មានផលិតកម្ម ក៏ត្រូវតែមានបទចម្រៀងថ្មីបន្តបន្ទាប់ មិនអោយស្ងប់ស្ងាត់នោះដែរ ៕