អ៊ីរ៉ង់ ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

10-07-2019 3:27pm

អ៊ីរ៉ង់ៈ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា អ៊ីរ៉ង់ បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ពេលដែលទីប្រឹក្សាការទូតកំពូលមួយរូបរបស់លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងតេអេរ៉ង់ សម្រាប់កិច្ចប្រជុំដើម្បីជួយបញ្ឈប់វិបត្តិមួយនេះ។

អ៊ីរ៉ង់ បានគំរាមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា នឹងចាប់ផ្តើមឡើងវិញនូវការបន្សុតសារធាតុអ៊ុយរ៉ានីញ៉ូម២០ភាគរយ ដែលជាចំណាត់ការមួយ ងាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ទីក្រុងតេអេរ៉ង់ បានជំរុញឲ្យប្រទេសម្ចាស់ហត្ថលេខីអឺរ៉ុបជាមួយកិច្ចព្រមព្រៀងនេះ ការពារអ៊ីរ៉ង់ពីទណ្ឌកម្មសហរដ្ឋអាមេរិក ដែលទីក្រុងវ៉ាស៊ីងតោន បានដាក់ឡើងវិញ ក្រោយចាកចេញពីកតិកាសញ្ញានុយក្លេអ៊ែរ កាលពីឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកអាប់បាស មូសាវី បានស្វាគមន៍តួនាទីរបស់បារាំង ក្នុងការកាត់បន្ថយភាពតានតឹង និងអនុវត្តន៍តាមកិច្ចព្រមព្រៀងនេះឡើងវិញ៕