កីឡាការិនី Rapinoe ៖ ក្រុមលើកពាន Women's World Cup នឹងបដិសេធន៍ការអញ្ជើញរបស់លោក​ ត្រាំ ទៅកាន់សេតវិមាន​

10-07-2019 3:19pm

បាល់ទាត់ៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ កីឡាការិនីជើងចាស់ Megan Rapinoe បាននិយាយថា នាងមិនគិតថា ក្រុមកីឡាការិនីជម្រើសជាតិសហរដ្ឋអាមេរិក ដែលបានឈ្នះ Women's World Cup នឹងទទួលយកការអញ្ជើញពីប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីបំពេញទស្សនកិច្ចទៅកាន់សេតវិមាននោះទេ។

កីឡាការិនី Rapinoe បាននិយាយប្រាប់ CNNថា នាងនឹងមិនទៅនោះទេ ហើយរាល់សមាជិករួមក្រុមដែលនាងបាននិយាយជាមួយ ក៏នឹងទៅមិននោះដែរ។

កីឡាការិនី Rapinoe បានបន្តថា នាងមិនគិតថា អ្នករាល់គ្នានៅក្នុងក្រុមចាប់អារម្មណ៍លើការឲ្យគេខ្ចីវេទិការ ដែលយើងបានប្រឹងប្រែងបង្កើតឡើង ហើយនិងអ្វីដែលបានតស៊ូ និងផ្លូវដែលយើងរស់នៅតាមបែបជីវិតរបស់ពួកយើងនោះទេ។ 

គួរឲ្យដឹងថា កីឡាការិនី Rapinoe ដែលស្ថិតនៅក្នុងចំណោមកីឡាការិនីភេទទី៣ច្រើននាក់ទៀតនៅក្នុងក្រុម បានមានគោលដៅផងដែរមកលើពាក្យស្លោក “Make America Great Again”របស់លោកត្រាំ ដោយនាងបាននិយាយថា លោកប្រធានាធិបតីម្នាក់នេះ កំពុងតែងាកមើលក្រោយ ពីពេលដែលគ្មានអ្វីអស្ចារ្យសម្រាប់អ្នករាល់គ្នា។

ក្រុមកីឡាការិនីជម្រើសជាតិសហរដ្ឋអាមេរិក បានបំបាក់ក្រុមកីឡាការិនីជម្រើសជាតិហូឡង់២-០ ដោយសារតែគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាការិនី Rapinoe និងការស៊ុតបាល់បញ្ចូលទីរបស់កីឡាការិនី Rose Lavelle នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Lyonកាលពីថ្ងៃអាទិត្យ៕