អំពើហិង្សារវាងក្រុមកុលសម្ព័ន្ធនៅប្រទេសប៉ាពួ ញូវហ្គីណេ សម្លាប់មនុស្ស២៤នាក់

10-07-2019 1:59pm

ប៉ាពួ ញូវហ្គីណេៈ មនុស្ស២៤នាក់ស្លាប់ ដែលក្នុងនោះរួមទាំងស្រ្តីមានផ្ទៃពោះ២នាក់ផងដែរស្លាប់ទៅជាមួយកូនក្នុងផ្ទៃរបស់ពួកគេដែរនោះ នៅក្នុងជម្លោះអំពើហិង្សារបស់ក្រុមកុលសម្ព័ន្ធនៅក្នុងតំបន់ខ្ពង់រាបគ្មានច្បាប់ទម្លាប់របស់ប្រទេសប៉ាពួ ញូវហ្គេណេ ជាហេតុបង្ខំឲ្យនាយករដ្ឋមន្រ្តី សន្យានៅថ្ងៃពុធនេះថា នឹងសងសឹកចំពោះការសម្លាប់រង្គាលដ៏ឃោឃៅនេះ។

ក្រុមមន្រ្តីក្នុងស្រុក បាននិយាយថា មនុស្សយ៉ាងហោច២៤នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្តហេឡា ដែលជាតំបន់បែងចែកមួយនៅភាគខាងលិចប្រទេស នៅក្នុងអំពើហិង្សារយៈពេល៣ថ្ងៃរវាងក្រុមកុលសម្ព័ន្ធក្នុងស្រុក។

ក្រុមកុលសម្ព័ន្ធនៅតំបន់ខ្ពង់រាបមួយនេះ បានឈ្លោះទាស់ទែងគ្នា នៅក្នុងប្រទេសប៉ាពួ ញូវហ្គីណេ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ប៉ុន្តែលំហូរចូលនៃកាំភ្លើងស្វ័យប្រវត្តិ បានធ្វើឲ្យការប៉ះទង្គិចគ្នានេះ កាន់តែស្លាប់មនុស្សច្រើនឡើង ហើយនិងបង្កឲ្យមានអំពើហិង្សាទ្រង់ទ្រាយធំ។

លោកវីលៀម បានដូ គឺជារដ្ឋបាលខេត្តហេឡា បាននិយាយថា មនុស្ស២៤នាក់ ត្រូវបានប្រកាសថា ស្លាប់ ក្នុងអំពើហិង្សារយៈពេល៣ថ្ងៃកន្លងមកនេះ ប៉ុន្តែមនុស្សអាចស្លាប់កើនឡើងបន្ថែមទៀតនៅថ្ងៃពុធនេះ៕