អ៊ីរ៉ង់ អះអាងថា មូលដ្ឋានទ័ពអាមេរិក ស្ថិតនៅក្នុងរយៈចម្ងាយមីស៊ីលរបស់ខ្លួន

10-07-2019 10:44am

អ៊ីរ៉ង់ៈ ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការកងទ័ពរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា មូលទ័ពក្នុងតំបន់របស់សហរដ្ឋអាមេរិក និងនាវាដឹកយន្តហោះរបស់ពួកគេនៅតំបន់ឈូងសមុទ្រ គឺស្ថិតនៅក្នុងរយៈចម្ងាយមីស៊ីលអ៊ីរ៉ង់ ស្របពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីងតោន។

លោកមេបញ្ជាការ Hossein Nejat បាននិយាយថា មូលដ្ឋានទ័ពអាមេរិក ស្ថិតនៅក្នុងរយៈចម្ងាយមីស៊ីលរបស់ពួកយើង មីស៊ីលរបស់ពួកយើង នឹងបំផ្លាញនាវាដឹកយន្តហោះរបស់ពួកគេ បើសិនជាពួកគេបង្កើតកំហុស។ អាមេរិកដឹងច្បាស់ពីផលប៉ះពាល់បង្កឡើងដោយសារការប្រឈមដាក់គ្នាដោយយោធាជាមួយអ៊ីរ៉ង់។

គួរឲ្យដឹងថា ភាពតានតឹងរវាងប្រទេសបច្ចាមិត្តអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឡើងកម្តៅខ្លាំងយ៉ាងឆាប់រហ័ស កាលពីរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ រយៈពេល១ឆ្នាំ ក្រោយពេលទីក្រុងវ៉ាស៊ីងតោន ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរទីក្រុងតេអេរ៉ង់ ជាការដោះដូរ នឹងការដកចេញទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ៕