បញ្ញា សិទ្ឋិ ឈ្នះពានគ្រងឈុតបុរាណល្អជាងគេគួរឲ្យសរសើរ

10-07-2019 8:14am

ភ្នំពេញៈ លោកបញ្ញា សិទ្ឋិ ស្រាប់តែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសឈុតបុរាណប្រចាំឆ្នាំ២០១៩ របស់គ្រួសារតារាកម្ពុជាជាលើកទី១ក្រោយពេលលោកសម្រេចចូលជាសមាជិក។លោកគ្រាន់តែពេញចិត្តចូលរួមប្រកួតសាកល្បងគ្រងឈុតបុរាណជាបេក្ខជនជិត៦០នាក់។ ចុងក្រោយស្រាប់តែឈ្នះពានបានលេខ២ធ្វើឲលោកភ្ញាក់ផ្អើលតែម្តង។

នេះជាព្រឹត្តិការណ៍ «ទិវាវប្បធម៌បេតិកភណ្ឌជាតិឆ្នាំ២០១៩» និងជាព្រឹត្តិការណ៍ប្រកួតឈុតបុរាណប្រចាំឆ្នាំ២០១៩។ តារាចូលរួមសុទ្ឋសឹងជាសមាជិកគ្រួសារតារាកម្ពុជានិងជាការអបអរខួបគម្រប់៣ឆ្នាំ នៃការបង្កើតក្រុមគ្រួសារតារាកម្ពុជាផងដែរ។

បញ្ញា សិទ្ឋ ញញឹមរីករាយហើយថា មកប្រកួតនេះដើម្បីចូលរួមខួបគ្រួសារតារាកម្ពុជាដោយចង់ដឹងថា មានការរៀបចំបែបណាព្រោះគ្រួសារតារាកម្ពុជា ល្បីឈ្មោះមួយរយៈចុងក្រោយនេះណាស់។ លោកពិតជានឹកអត់ដល់ថាទម្រង់ដែលលោកគ្រងជាឈុតបុរាណខ្មែរបានទទួលការចាប់អារម្មណ៍ពីទស្សនិកជននិងមេប្រយោគបែបនេះឡើយ។ លោកពិតជាស្រឡាំងកាំងតែម្តង ដែលគេប្រកាសឲ្យឡើងទៅវគ្គបន្តៗរហូតសល់តែបេក្ខជន៣រូប បេក្ខនារី៣រូបហើយផ្នែកបុរសលោកជាប់លេខ២។

តាមលក្ខខណ្ឌមេប្រយោគផ្តល់ពិន្ទុលើដំណើរស្អាត ស្នាមញញឹមជឿជាក់ ព្រមទាំងការគ្រងឈុតសម្លៀកបំពាក់មានភាពប្រណិតជាងគេក្នុងឆ្នាំ២០១៩នេះ។ ការទទួលបាននេះពិតជាកិត្តយសហើយក៍អរគុណដល់កម្មវិធីនិងសិល្បករទាំងអស់បានចំណាយថវិកាផ្ទាល់ខ្លួនរៀងៗខ្លួនខំរិះរកសម្លៀកបំពាក់បុរាណយកមកច្នៃ ដើម្បីលើកស្ទួយវប្បធម៌ជាតិ ៕