កីឡាករ Neymar ខកខានមិនបានចូលរួមហ្វឹកហាត់ មុនរដូវកាលជាមួយក្រុម PSG

09-07-2019 3:48pm

បាល់ទាត់ៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ តារាស៊ូពើស្តីសញ្ជាតិប្រេស៊ីល Neymar បានខកខានមិនចូលរួមការហ្វឹកហាត់មុនរដូវកាលជាមួយក្រុម Paris Saint-Germain ដោយក្លិបបារាំងមួយនេះ បានអះអាងថា ពួកគេនឹងចាត់វិធានការដ៏ត្រឹមត្រូវមួយប្រឆាំងនឹងគាត់។

ទោះបីជាយ៉ាងណាក៏ដោយ  សារព័ត៌មានប្រេស៊ីល បានរាយការណ៍ពីសម្តីឪពុករបស់កីឡាករ Neymarថា ក្លិប PSGបានដឹងរួចហើយថា ខ្សែប្រយុទ្ធម្នាក់នេះ នឹងត្រូវអវត្តមានពីការហ្វឹកហាត់មុនរដូវកាលរបស់ពួកគេ។

លោក Neymar Senior បាននិយាយថា ហេតុផលសម្រាប់ការមិនបង្ហាញខ្លួននេះ ត្រូវបានគេដឹងច្បាស់ ហើយមានផែនការរយៈពេល១ឆ្នាំមកហើយ ដែលជាផ្នែកមួយនៃសកម្មភាពរបស់គាត់នៅក្នុងគ្រឹះស្ថានសប្បុរសធម៌ Neymar Institute ។

លោកបន្តថា យើងមិនអាចពន្យាពេលវាបាននោះទេ ហើយកីឡាករ Neymarនឹងវិលត្រឡប់មកាន់ក្លិប PSGវិញនៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ។

គួរឲ្យដឹងថា កីឡាករ Neymarបានចាកចេញពីក្លិប Barcelonaដើម្បីចូលរួមជាមួយក្លិប Paris Saint-Germain ក្នុងតម្លៃខ្លួនជាប់កំណត់ត្រាពិភពលោក២២២លានអឺរ៉ូ កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែគាត់អាចនឹងផ្ទេរដ៏គួរភ្ញាក់ផ្អើលមួយ ត្រឡប់មកកាន់ទឹកដី Nou Campវិញក្នុងរដូវក្តៅនេះ៕