កីឡាករ Roger Federer ផ្តួលគូប្រកួត ដើម្បីឡើងទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Wimbledon

09-07-2019 3:04pm

វាយតឺន្នីសៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ កីឡាករសញ្ជាតិស្វីស Roger Federer បានដឹកដៃ Novak Djokovic និងកីឡាករ Rafael Nadal ឡើងទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Wimbledon ពេលដែលតារាស៊ូពើស្តាប្រចាំ Grand Slam រូបនេះ បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់គាត់។

កីឡាករវ័យ៣៧ឆ្នាំម្នាក់នេះ បានក្លាយជាបុរសវ័យចំណាស់ជាងគេបំផុត ឡើងដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Grand Slam ក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ ពេលដែលគាត់កក់បានកៅអីលេងនៅវគ្គ៨នាក់ចុងក្រោយជាលើកទី១៧។

ជើងឯក Grand Slam ៨សម័យកាលម្នាក់នេះ បានផ្តួលគូប្រកួតអ៊ីតាលី Matteo Berrettini ក្នុងលទ្ធផលពិន្ទុ6-1, 6-2, 6-2 នៅការប្រកួតមួយប្រើពេលត្រឹម៧៤នាទីប៉ុណ្ណោះ ។

វាបានក្លាយជាជ័យជំនះលើកទី៩៩របស់គាត់ផងដែរនៅក្លិប All England Club  ហើយគាត់បានក្លាយជាបុរសវ័យចំណាស់បំផុត ឡើងដល់វគ្គ៨នាក់ចុងក្រោយ នៅព្រឹត្តការណ៍ធំមួយនេះ ចាប់តាំងពីលោក Jimmy Connors វ័យ៣៩ឆ្នាំ ធ្វើបានសម្រេចនៅ US Open កាលពីឆ្នាំ១៩៩១។

កីឡាករ Federer នឹងត្រូវប៉ះជាមួយកីឡាករ Kei Nishikori មកពីជប៉ុនសម្រាប់កៅអីលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕