បញ្ញា សិទ្ធិ ឈ្នះពានគ្រងឈុតបុរាណល្អជាងគេ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសឈុតបុរាណប្រចាំឆ្នាំ២០១៩

09-07-2019 1:38pm

ភ្នំពេញៈ លោក បញ្ញា សិទ្ធិ ស្រាប់តែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសឈុតបុរាណប្រចាំឆ្នាំ២០១៩ របស់គ្រួសារតារាកម្ពុជាជាលើកទី១ ក្រោយពេលលោកសម្រេចចូលជាសមាជិក។ លោកគ្រាន់តែពេញចិត្តចូលរួមប្រកួតសាកល្បងគ្រងឈុតបុរាណជាមួយ​បេក្ខជនជិត៦០នាក់។ ចុងក្រោយស្រាប់តែឈ្នះពានបានលេខ២ ធ្វើឲ្យ​លោកភ្ញាក់ផ្អើលតែម្តង។

នេះជាព្រឹត្តិការណ៍ «ទិវាវប្បធម៌បេតិកភណ្ឌជាតិឆ្នាំ២០១៩» និងជាព្រឹត្តិការណ៍ប្រកួតឈុតបុរាណប្រចាំឆ្នាំ២០១៩។ តារាចូលរួមសុទ្ធ​សឹងជាសមាជិកគ្រួសារតារាកម្ពុជា និងជាការអបអរខួបគម្រប់៣ឆ្នាំនៃការបង្កើតក្រុមគ្រួសារតារាកម្ពុជាផងដែរ។

បញ្ញា សិទ្ធិ ញញឹមរីករាយហើយថា មកប្រកួតនេះ ដើម្បីចូលរួមខួបគ្រួសារតារាកម្ពុជា ដោយចង់ដឹងថា មានការរៀបចំបែបណា ព្រោះគ្រួសារតារាកម្ពុជាល្បីឈ្មោះមួយរយៈចុងក្រោយនេះណាស់។ លោកពិតជានឹកអត់ដល់ថា ទម្រង់ដែលលោកគ្រងជាឈុតបុរាណខ្មែរ បានទទួលការចាប់អារម្មណ៍ពីទស្សនិកជន និងមេប្រយោគបែបនេះឡើយ។លោកពិតជាស្រឡាំងកាំងតែម្តង ដែលគេប្រកាសឲ្យឡើងទៅវគ្គបន្តៗរហូតសល់តែបេក្ខជន៣រូប បេក្ខនារី៣រូប ហើយផ្នែកបុរសលោកជាប់លេខ២។

តាមលក្ខខណ្ឌមេប្រយោគផ្តល់ពិន្ទុលើដំណើរស្អាត ស្នាមញញឹមជឿជាក់ ព្រមទាំងការគ្រងឈុតសម្លៀកបំពាក់មានភាពប្រណិតជាងគេក្នុងឆ្នាំ២០១៩នេះ។ ការទទួលបាននេះពិតជាកិត្តយសហើយក៏អរគុណដល់កម្មវិធីនិងសិល្បករទាំងអស់បានចំណាយថវិកាផ្ទាល់ខ្លួនរៀងៗខ្លួនខំរិះរកសម្លៀកបំពាក់បុរាណយកមកច្នៃដើម្បីលើកស្ទួយវប្បធម៌ជាតិ៕