បាក់អគារពហុកីឡដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិន សម្លាប់មនុស្ស៣នាក់

09-07-2019 12:47pm

ចិនៈ ក្រុមកម្មករ៣នាក់ ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀត រងរបួស ពេលដែលពហុកីឡដ្ឋានមួយកន្លែងនៅភាគខាងត្បូងប្រទេសចិន បានបាក់អំឡុងពេលប្រតិបត្តិការវាយ​កម្ទេចវាចោលកាលពីថ្ងៃចន្ទ។

រដ្ឋបាលស្រុក Futian បានអះអាងថា ពហុកីឡដ្ឋាន Shenzhen បានបាក់ធ្លាក់ចុះនៅវេលាម៉ោង១១ និង៤០នាទីព្រឹក ពេលការងារកម្ទេចចោល បានចាប់ផ្តើមឡើង ហើយមូលហេតុនៃការបាក់អគារពហុកីឡដ្ឋាននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

មកទល់នឹងម៉ោង១២ និង៣០នាទី កម្មករ២នាក់ ត្រូវបានជួយសង្រ្គោះពីគំនអគារបាក់បែក ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលបុរសវ័យ៥០ឆ្នាំម្នាក់ឈ្មោះ វ៉ាង បានស្លាប់នៅពេលក្រោយមក។

ដោយឡែក កម្មករ២នាក់ផ្សេងទៀត ដែលនៅជាប់ខ្លួនក្រោមគំនរបាក់បែកនោះដែរ ត្រូវបានគេរំដោះបាននៅវេលាម៉ោង៤ និង៥០នាទី ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែមនុស្ស២នាក់ ក្នុងចំណោម៣នាក់ ដែលត្រូវបានសង្រ្គោះចេញពីគំនរបាក់បែក បានស្លាប់ទៀតនៅក្នុងមន្ទីរពេទ្យ នៅពេលក្រោយមក៕