រថយន្តក្រុងមួយគ្រឿង បើកធ្លាក់ផ្លូវនៅភាគខាងជើងប្រទេសឥណ្ឌា សម្លាប់​មនុស្សជិត៣០នាក់

09-07-2019 12:16pm

ឥណ្ឌាៈ មនុស្សយ៉ាងហោច២៩នាក់ ត្រូវបានសម្លាប់ ក្រោយរថយន្តក្រុងមួយគ្រឿង បានបើកធ្លាក់ផ្លូវនៅរដ្ឋភាគខាងជើង ឧត្តប្រទេស ប្រទេសឥណ្ឌា។

ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ នៅជិតទីក្រុងអាហ្គ្រា ស្ថិតនៅចម្ងាយប្រហែល៣៣៦គ.មពីរដ្ឋធានី ឡាក់ណូវ។

រថយន្តក្រុងមួយគ្រឿងនេះ ដឹកអ្នកដំណើរ៥០នាក់ និងធ្វើដំណើរចេញពីទីក្រុងឡាក់ណូវ ឆ្ពោះទៅកាន់រដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា។

គួរឲ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតឡើងញឹកញាប់បំផុតនៅក្នុងប្រទេសឥណ្ឌា ក្នុងនោះឧប្បត្តិហេតុមួយកើតឡើងរាល់រយៈពេល៤នាទីម្តង។

ក្រុមអ្នកស្រុក បានរួសរាន់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះអ្នកដំណើររងរបួស២០នាក់។

សេចក្តីរាយការណ៍ក្នុងស្រុក បានរាយការណ៍ថា តៃកុងរថយន្តងងុយដេក ហើយនិងបានបាត់បង់ម្ចាស់ការលើខ្លួនឯង បណ្តាលឲ្យរថយន្តក្រុង២ជាន់នេះ ធ្លាក់ផ្លូវបែបនេះតែម្តង និងបានធ្លាក់ចូលព្រែកជីក។

សូមបញ្ជាក់ថា ផ្លូវហាយវ៉េ Yamuna ដែលមានប្រវែង១៦៥គ.ម តភ្ជាប់ពីទីក្រុងដែល្លី ទៅកាន់ទីក្រុងអាហ្គ្រា ស្ថិតនៅក្នុងចំណោមផ្លូវជាតិមាន៦គន្លងវែងជាងគេបំផុតរបស់ប្រទេសឥណ្ឌា៕