ប៉ូលិសព្រែកប្រា វាយខ្នោះយុវជន២នាក់ ក្រោយឆក់ទូរស័ព្ទពីជនបរទេស បានសម្រេច

09-07-2019 9:15am

ភ្នំពេញៈ យុវជនពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ប្រដេញតាមចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសម្នាក់ ខណៈកំពុងដើរ ហើយព្យាយាម​ជិះម៉ូតូគេចខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ៣៦៩ ត្រង់ចំណុចជិតស្ថានីយបូមទឹក(ព្រះពន្លា)  ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ វាទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (ជាអ្នកឌុប)។ ទី២ ឈ្មោះ ខុម រាជ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (អង្គុយពីក្រោយជាអ្នកឆក់) ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1S-3256 ។ ចំណែកជនរងគ្រោះឈ្មោះ Lyu GONG (លីគ័ង)  ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រយីវ៉ូ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍ព្រែកប្រា លោកអនុសេនីយ៍ឯក ឡូ ភិរម្យ បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានជិះម៉ូតូល្បាតតាមភូមិសាស្រ្តមូលដ្ឋាន គោលបំណងបង្ការ និងបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះ កំពុងឈរនិយាយទូរស័ព្ទ ស្របពេលជនសង្ស័យពីរនាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរសព្ទ័ម៉ាក HUAWEI (ហ៊ួរវ៉ៃ) បានសម្រេច ហើយជិះគេចខ្លួន ទើបកម្លាំងបានជិះម៉ូតូប្រដេញតាមពីក្រោយ រហូតដល់បុរីជ្រោយបាសាក់ ទើបចាប់ខ្លួនបានទាំងពីរនាក់តែម្ដង រួចបញ្ជូនទៅធ្វើការសាកសួរបន្ត នៅស្នាក់ការប៉ុស្តិ៍នគរបាលព្រែកប្រា។

ក្រោយកើតហេតុជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ និងប្រគល់ឲ្យផ្នែកជំនាញយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ ដើម្បីកសាងសុំណំរឿង បន្តតាមនីតិវិធី ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញផងដែរ៕