ក្រុមម៉ាដាកាស្កា យកឈ្នះក្រុមកុងហ្គោ នៅការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ដើម្បីឡើងទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Africa Cup of Nations

08-07-2019 2:06pm

បាល់ទាត់ៈ ក្រុមជម្រើសជាតិម៉ាដាកាស្កា ដែលទើបបង្ហាញខ្លួនជាលើកដំបូងនៅព្រឹត្តការណ៍បាល់ទាត់ Africa Cup of Nations បានបង្ហាញទម្រង់លេងដ៏ទាក់ទាញរបស់ពួកគេជាថ្មីម្តងទៀត ពេលយកឈ្នះក្រុមជម្រើសជាតិកុងហ្គោ៤-២នៅការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយការប្រកួតបញ្ចប់ទៅត្រឹមលទ្ធផលស្មើ២-២ ក៏ដូចជាធ្វើឲ្យពួកគេដណ្តើមបានកៅអីលេងនៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ។

នៅក្នុងការប្រកួតដ៏ស្រួចស្រាវនេះ ក្រុមជម្រើសជាតិម៉ាដាកាស្កា បានធ្វើការនាំមុខដ៏គួរភ្ញាក់ផ្អើល ដោយសារតែការស៊ុតបាល់ចម្ងាយ២០ម៉ែត្រពីកីឡាករ Ibrahim Amada មុនពេលកីឡាករ Cedric Bakambu តាមស្មើវិញជាមួយនឹងការតែតបាល់បញ្ចូលទី។

ក្រុមជម្រើសជាតិកោះនៅក្នុងមហាសមុទ្រឥណ្ឌាមួយនេះ បានស្តាការនាំមុខរបស់ពួកគេម្តងទៀត ដោយសារតែការតែតបាល់បញ្ចូលទីរបស់កីឡាករ Faneva Andriatsima មុនពេលដែលកីឡាករ Chancel Mbemba តាមស្មើទៀតនៅនាទី៩០ ជាហេតុធ្វើឲ្យការប្រកួតចូលដល់ម៉ោងបន្ថែម។

ក្រុមជម្រើសជាតិម៉ាដាកាស្កា បានស៊ុតបញ្ចូលទីទាំងអស់នៅការស៊ុតបាល់ប៉េណាល់ទី Shootoutរបស់ពួកគេ តែផ្ទុយទៅវិញក្រុមជម្រើសជាតិកុងហ្គោ បានខកខានបាល់ប៉េណាល់ទី២លើក ក្នុងនោះការប៉ុនប៉ងស៊ុតបាល់របស់កីឡាករ Yannick Bolasie គឺជាខ្សែបម្រើស្លាបរបស់ក្លិប Everton បានផុតរបារទី ដើម្បីធ្វើឲ្យក្រុមជម្រើសជាតិម៉ាដាកាស្កា កក់បានកៅអីលេងនៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ជាកន្លែងដែលពួកគេត្រូវប៉ះជាមួយក្រុមជម្រើសជាតិហ្គាណា ឬក្រុមជម្រើសជាតិទុយនីស៊ី នៅក្នុងទីក្រុងគែ នាថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ៕