ក្រុមជម្រើសជាតិប្រេស៊ីល បំបាក់ប៉េរូ ៣-១ ដើម្បីលើកពាន Copa America ជាលើកដំបូង ក្នុងរយៈពេល១២ឆ្នាំ

08-07-2019 1:54pm

បាល់ទាត់ៈ កីឡាករ Gabriel Jesus រកបាន១គ្រាប់ និងជួយដៃគូរកបាន១គ្រាប់ទៀត មុនពេលត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត ពេលដែលក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះជើងឯក Copa America ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រោយឈ្នះក្រុមជម្រើសជាតិប៉េរូ ៣-១។

ខ្សែប្រយុទ្ធរបស់ក្លិប Man Cityម្នាក់នេះ បានជួយឲ្យកីឡាករ Everton Soares រកបានគ្រាប់បាល់បើកឆាកនៅនាទី១៥ មុនពេលសម្រេចបានគ្រាប់បាល់ខ្លួនឯងនៅនាទី៤៨។

កីឡាករ Paolo Guerrero បានធ្វើឲ្យក្រុមជម្រើសជាតិប៉េរូ មានសង្ឃឹមឡើងវិញ ពេលដែលគាត់រកបានគ្រាប់បាល់ស្មើនៅនាទី៤៤ ពីការស៊ុតបាល់ប៉េណាល់ទី គឺមុនពេលដែលកីឡាករ Jesus សម្រេចបានគ្រាប់បាល់របស់គាត់។

កីឡាករ Jesus ទទួលបានកាតលឿងជាលើកទី២របស់គាត់ នៅ២០នាទីចុងក្រោយ ប៉ុន្តែគ្រាប់បាល់ប៉េណាល់ទីនៅនាទី៩០របស់កីឡាករ Richarlison បានធ្វើឲ្យក្រុមជម្រើសជាតិប្រេស៊ីល សម្រេចបានជ័យជំនះរបស់ពួកគេ។

ជ័យជំនះនេះដែរ បានក្លាយជាការធូរស្រាលដ៏ធំធេងមួយសម្រាប់កីឡាករ Jesus ដែលបានស្រក់ទឹកភ្នែក ពេលដែលគាត់ ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត និងបានទាត់ដបទឹក ហើយបន្ទាប់មករុញអេក្រង់ប្រព័ន្ធវីដេអូ VAR ពេលដែលគាត់ដើរចេញពីទីលានប្រកួត។

កីឡាករ Jesusបាននិយាយក្រោយការប្រកួតថា លោកចង់សុំទោស ពីព្រោះថា លោកគួរតែបញ្ចៀសនូវទង្វើរបែបនេះ ៕