ប្រទេសកុងហ្គោ ប្រឈមនឹងការរីករាលដាលដ៏អាក្រក់បំផុត នៃជំងឺអេបូឡា

13-06-2019 10:23am

កុងហ្គោៈ ប្រធានអង្គការសប្បុរសធម៌ស្រាវជ្រាវសុខាភិបាល បានចាត់ទុកការរីករាលដាលចុងក្រោយ នៃជំងឺអេបូឡា នៅភាគកណ្តាលអាហ្វ្រិកមួយនេះថា “ពិតជាគួរឲ្យខ្លាចបំផុត”។

លោកវេជ្ជបណ្ឌិត Jeremy Farrar ប្រធានអង្គការ Wellcome Trust បាននិយាយថា នេះគឺជាការរីករាលដាលដ៏អាក្រក់បំផុត ចាប់តាំងពីការរីករាលដាលឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ហើយវាមិនបានបង្ហាញសញ្ញាណាមួយនៃការបញ្ឈប់នោះទេ។

មនុស្សជិត១.៤០០នាក់ បានស្លាប់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ បានស្លាប់ផងដែរ នៅក្នុងប្រទេសជិតខាងអ៊ុយហ្គង់ដា គឺជាករណីជំងឺអេបូឡាលើកដំបូងគេ មាននៅក្នុងប្រទេសមួយនេះ។ បច្ចុប្បន្នរដ្ឋាភិបាលអ៊ុយហ្គង់ដា កំពុងរាយការណ៍ពីករណីសង្ស័យ៧ផ្សេងទៀត នៃវីរុសមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកវេជ្ជបណ្ឌិត Farrar បាននិយាយថា ការរីករាលដាលនេះ គឺជាសោកនាដកម្ម ថ្វីត្បិតតែវាមិនជាការភ្ញាក់ផ្អើលខ្លាំងក៏ដោយ។ លោកបានប្រកាសអាសន្នថា ករណីឆ្លងវីរុសច្រើនទៀត នឹងរំពឹងកើតមានឡើង ហើយការឆ្លើយតបថ្នាក់ជាតិ និងអន្តរជាតិ ត្រូវការជាចាំបាច់ក្នុងការពារអាយុជីវិតមនុស្ស។

លោកបន្តថា កុងហ្គោ មិនមែនជាប្រទេសតែមួយគត់ ដែលប្រឈមនឹងការរីករាលដាលខ្លាំងនៃជំងឺអេបូឡានោះទេ៕