ក្រុមកីឡាការិនីជម្រើសជាតិអាមេរិក បំបែកកំណត់ត្រានៅ Women's World Cup ជាមួយនឹងជ័យជំនះ ១៣-០ លើក្រុមកីឡាការិនីជម្រើសជាតិថៃ

12-06-2019 4:48pm

បាល់ទាត់ៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមកីឡាការិនីម្ចាស់គ្រងតំណែងជើងឯកបាល់ទាត់ពិភពលោកសហរដ្ឋអាមេរិក បានចាបផ្តើមការការពារជើងឯក Women's World Cup របស់ពួកគេ យ៉ាងអស្ចារ្យជាទីបំផុតជាមួយនឹងការបំបែកកំណត់ត្រាថ្មី ពេលដែលកីឡាការិនី Alex Morgan រកបាន៥គ្រាប់ម្នាក់ឯង អំឡុងការប្រកួតឈ្នះ ១៣-០លើក្រុមកីឡាការិនីជម្រើសជាតិថៃ។

១០គ្រាប់បានកើតមានឡើងនៅក្នុងតង់ទី២ ពេលដែលក្រុមកីឡាការិនីជម្រើសជាតិសហរដ្ឋអាមេរិក រកបានជ័យជំនះធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត Women's World Cup ពោលគឺច្រើនជាងពេលដែលក្រុមកីឡាការិនីជម្រើសជាតិអាល្លឺម៉ង់ បំបាក់ក្រុមកីឡាការិនីជម្រើសជាតិអាហ្សង់ទីន ១១-០  កាលពីឆ្នាំ២០០៧។

កីឡាការិនី Rose Lavelle និងកីឡាការិនី Samantha Mewis រកបានម្នាក់២គ្រាប់ផងដែរ ខណៈដែលកីឡាការិនី Lindsey Horan ប្រធានក្រុម Megan Rapinoe ហើយនិងកីឡាការិនីបម្រុង Mallory Pugh និង Carli Lloyd រកបានគ្រាប់បាល់ដូចគ្នាសម្រាប់ក្រុមកីឡាការិនីជម្រើសជាតិសហរដ្ឋអាមេរិក អំឡុងជំនួបក្នុងពូល E ដែលត្រូវបានទស្សនាដោយផ្ទាល់ដោយក្រុមអ្នកគាំទ្រជាង១៨.០០០នាក់នៅក្នុងពហុកីឡដ្ឋាន Stade Auguste-Delaune ៕