២៦នាក់រងរបួស ក្រោយការវាយប្រហារដោយមីស៊ីល ពីក្រុមឧទ្ទាមហ៊ូធី មកលើអាកាសយានដ្ឋាន​ អារ៉ាប៊ី​ សាអូឌីត

12-06-2019 4:12pm

អារ៉ាប៊ីសាអូឌីតៈ ក្រុមសកម្មប្រយុទ្ធរបស់កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេម៉ែន មកលើអាកាសយានដ្ឋាន អាប់ហា ស្ថិតនៅក្នុងតំបន់ភាគនិរតីប្រទេសអារ៉ាប៊ីសាអូឌីត បានបណ្តាលឲ្យជនស៊ីវិល២៦នាក់ រងរបួសនៅថ្ងៃពុធនេះ។

លោកតួគី អាល់ ម៉ាល់គី គឺជាអ្នកនាំពាក្យកងកម្លាំងចម្រុះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Saudi Press ថា មនុស្ស៨នាក់ ក្នុងចំណោមអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មនុស្ស១៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ ក្រោយទទួលការព្យាបាលរួច។

ដោយឡែក ក្រុមឧទ្ទាមហ៊ូធី បាននិយាកាលពីព្រឹកថ្ងៃពុធនេះថា ពួកគេបានបាញ់មីស៊ីលមួយគ្រាប់មកលើអាកាសយានដ្ឋាន ស្ថិតនៅក្នុងទីក្រុងទេសចរណ៍តំបន់ភ្នំរបស់អារ៉ាប៊ីសាអូឌីត៕