នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខគ្រួសារយាយតា និងកូនប្រុសមានជំងឺ​លើសឈាម នៅស្រុកកំពង់រោទិ៍

12-06-2019 4:05pm

ស្វាយរៀងៈ លោកយាយ សឹង យ៉ា អាយុ ៨៣ ឆ្នាំ និងលោកតា កឹម ញឹល អាយុ ៨៣ ដូចគ្នា ត្រូវជាប្តីរស់នៅភូមិ រាមជោ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានកូន ៤ នាក់ ក្នុងនោះស្រីម្នាក់ ហើយកូនប្រុសរបស់គាត់ ដែលដេកឈឺនៅនឹងកន្ទេលនោះមានឈ្មោះ កឹម ព្រុន អាយុជាង ៥០ ឆ្នាំ មានជម្ងឺលើសឈាមស្លាប់មួយចំហៀងខ្លួន អស់រយៈពេលជាង ៣ ឆ្នាំមកហើយ មានប្រពន្ធ និងកូន ៦ នាក់។

តែចាប់តាំងពីកូនប្រុសរបស់គាត់ធ្លាក់ខ្លួនឈឺមក បានមករស់នៅជាមួយគាត់ ប្រពន្ធ និងកូនៗ បានអញ្ជើញឲ្យត្រឡប់ទីទៅរស់នៅជាមួយក្រុមគ្រួសារវិញ ដើម្បីងាយស្រួលមើលថែជម្ងឺ តែគាត់មិនព្រមទៅ បានប្រពន្ធ និងកូនៗ យកអាហារមកឲ្យជាប្រចាំ ដែលគ្រួសាររបស់គាត់មានជីវភាព សមរម្យដែរ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះពីអាជ្ញាធរភូមិ ឃុំ នៅថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ លោក ម៉ែន វិបុល ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយលោក សរ វណ្ណា នាយកសាខា នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសាររបស់ពួកគាត់។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក សរ វណ្ណា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយកសាខាបានបន្តទៀតថា ថ្វីត្បិតតែអំណោយដែលបាននាំយកមកជូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល”។

លោកនាយកសាខាក៏បានលើកទឹកចិត្ត និងសំណូមពរដល់ក្រុមគ្រួសារ សូមកុំអស់សង្ឃឹម ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ លេបថ្នាំតាមវេជ្ជបញ្ជាឆាប់បានជាសះស្បើយ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ឮ។

អំណោយដែលបានផ្តល់ជូនទាំងពីរគ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស កន្ទេលបត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៥០,០០០ រៀល៕