Lionel Messi​ ក្លាយជាអត្តពលិករកបានប្រាក់ចំណូលខ្ពស់ជាងគេបំផុតប្រចាំឆ្នាំ

12-06-2019 3:25pm

បាល់ទាត់ៈ ខ្សែប្រយុទ្ធស្ថិតនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ក្លិប Barcelonaកីឡាករ Lionel Messi បានទម្លាក់តំណែងរបស់ជើងឯកប្រដាល់៥ស្ថាប័នពិភពលោក Floyd Mayweather ជាអត្តពលិករកប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមតារាងប្រចាំឆ្នាំ ចេញផ្សាយដោយទស្សនាវដ្តី Forbesកាលពីថ្ងៃអង្គារ។

កីឡាករ Messiដែលរកបាន៣៦គ្រាប់ ខណៈដែលដឹកនាំក្រុម Barcelonaឈ្នះជើងឯក La Ligaក្នុងរដូវកាលនេះ រកបានប្រាក់ចំណូល១២៧លានដុល្លារ បានមកពីប្រាក់បៀវត្សរ៍ និងកិច្ចព្រមព្រៀងរបស់គាត់ ដើម្បីឡើងមកឈរនៅលើកំពូលតារាងចំណាត់ថ្នាក់អត្តពលិករកប្រាក់ចំណូលខ្ពស់បំផុតទាំង១០០របស់ពិភពលោក។

ដោយឡែក ខ្សែប្រយុទ្ធរបស់ក្លិប Juventusកីឡាករ Cristiano Ronaldo(១០៩លានដុល្លារ) ខ្សែប្រយុទ្ធ Neymarរបស់ក្លិប Paris Saint-Germain (១០៥លានដុល្លារ) អ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez (៩៤លានដុល្លារ) និងកីឡាករវាយតឺន្នីសសញ្ជាតិស្វីស Roger Federer (៩៣.៤លានដុល្លារ) ស្ថិតនៅក្នុងចំណោមអត្តពលិកកំពូលទាំង៥។

អ្នកប្រដាល់ Mayweather ដែលឈរនៅលើកំពូលតារាងមួយនេះ កាលពីឆ្នាំ២០១៨ ហើយនិងឈរនៅលើកំពូលតារាង៤លើកក្នុងរយៈពេល៧ឆ្នាំនោះ រកបានការប្រកួតពិព័រណ៍តែមួយគត់កាលពីខែធ្នូ ឆ្នាំមុននៅក្នុងប្រទេសជប៉ុន ហើយលោកមិនស្ថិតនៅក្នុងចំណោមអត្តពលិករកបានប្រាក់ចំណូលខ្ពស់បំផុតទាំង១០០នាក់នោះទេ៕