សម្ដេចតេជោ ៖ ការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ផ្ដល់គុណសម្បត្តិច្រើន ប៉ុន្ដែធ្វើឲ្យសកលលោក ប្រឈមនឹងព័ត៌មានក្លែងក្លាយ

12-06-2019 1:29pm

ភ្នំពេញៈ ថ្លែងក្នុងសន្និសីទកំពូល សារព័ត៌មានអាស៊ី ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទន្ទឹមផលវិជ្ជមាន របស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក៏បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឲ្យសកលលោកកំពុង ប្រឈមទៅនឹងព័ត៌មានក្លែងបន្លំ ការជេរប្រមាថ ដោយការស្អប់ខ្ពើមគ្នា និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាជាច្រើនផងដែរ។

ក្នុងពិធីបើកជាផ្លូវការនូវសន្និសីទកំពូល សារព័ត៌មានអាស៊ីលើកទី១៦ ក្នុងខេត្តសៀមរាប នៅថ្ងៃ១២ មិថុនា សម្ដេចតេជោ បានមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល ធ្វើឲ្យការគ្រប់គ្រងប្រទេស ក្លាយទៅជារដ្ឋាភិបាលឌីជីថល ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចឌីជីថល ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសេវាសាធារណៈប្រកបដោយគណនេយ្យភាព តម្លាភាព ការតភ្ជាប់បណ្តាញទំនាក់ទំនងផ្ទៃក្នុង និងសកលលោក។

សម្ដេចតេជោបន្តថា “ទន្ទឹមនឹងផលវិជ្ជមានបច្ចេកវិទ្យាឌីជីថល នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឲ្យសកលលោកកំពុង ប្រឈមទៅនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះ កំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា”។

នាយករដ្ឋមន្រ្តី បានលើកពីគុណវិបត្តិបន្តថា ដូចជា ការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គល ។ ចំណុចទាំងអស់នេះ បាននឹងកំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោក ដូច្នេះតម្រូវឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធទាំងក្នុង ក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និងសាកលលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។

សម្ដេចនាយករដ្ឋមន្រ្តីបន្ថែមថា បច្ចេកវិទ្យាឌីជីថលបានរួមបញ្ចូលគ្នារវាងវិស័យ ទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ ហើយបង្កើតបានសក្តានុពលលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងបណ្តាញទំនាក់ទំនងជាសកលតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម មានហ្វេសប៊ុក (Facebook) យូធូប (YouTube) វីឆាត (WeChat) តេឡេក្រាម (Telegram) ធ្វីតធ័រ (Twitter) ជាដើម។

ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាយករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍៧ចំណុចរួមមាន៖ទី១-ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មានបទ , ទី២-ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា , ទី៣-ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរប្រមាថ , ទី៤-ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មាន , ទី៥-ត្រូវរួមគ្នាយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹងទាំងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ , ទី៦-ត្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយប្រពៃណីក្លាយជាប្រព័ន្ធដែលមានភាពវ័យឆ្លាត និងឤចបត់បែន ទៅតាមស្ថានភាពជាក់ស្តែង និងទី៧-ត្រូវរួមគ្នាកសាងគោលនយោបាយក្របខណ្ឌយុទ្ធសា្រស្ត។

ក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ី ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក បាននិយាយថា បច្ចេកវិទ្យាឌីជីថលនិងទិន្នន័យធំៗ(Big Data)នៅតាមប្រទេសនីមួយៗ ទីផ្សារនីមួយៗ និងសង្គមនីមួយៗ កំពុងជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើនគុណភាពនៃអភិបាលកិច្ច បង្កើនកម្រិតនៃសេវាសាធារណៈ និងតម្លាភាព។

លោកថា តាមការពិសោធន៍ និងភស្តុតាងជាច្រើនបានបញ្ជាក់ឌីជីថលភាវូបនីយកម្មបានចូលរួមក្នុងការកាត់បន្ថយភាពអត់ការងារធ្វើ ការធ្វើការកែលម្អ គុណភាពនៃជីវិត និងការបង្កើនលទ្ធភាពរបស់ ពលរដ្ឋក្នុងការទទួលយកសេវាកម្មសាធារណៈ៕