សម្តេច ស ខេង ជំរុញឲ្យ​កម្លាំងសមត្ថកិច្ច ចុះ​បង្ក្រាបគ្រឿងញៀន នៅតាមខារ៉ាអូខេ និងក្លឹបកម្សាន្ត​

12-06-2019 12:24pm

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុ​ញអោយកម្លាំងសមត្ថកិច្ចទាំងអស់ បង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកម្សាន្ត ឲ្យ​បាននៅក្នុងឆ្នាំ២០១៩នេះ ហើយសម្តេច ស ខេង ក៏បានហាមមិនអោយមានការចាត់តាំងកម្លាំងនគរបាលទៅយាមកាម នៅតាមទីតាំងខារ៉ាអូខេក្លឹបកម្សាន្ត​ និងនៅតាមកាស៊ីណូផងដែរ ។

ការជំរុ​ញបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ ដោយត្រូវបានប្រកាស លោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដែលមានសមាជិកក្រុមប្រឹក្សាចំនួន២៧រូប។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅឆ្នាំ២០១៩នេះ សមត្ថកិច្ចរបស់យើងត្រូវតែបញ្ចប់អោយបាននូវការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកម្សាន្ត​ ព្រោះថានេះជាការទទួលខុសត្រូវដ៏ធំធេង និងធ្ងន់ធ្ងន់បំផុតចំពោះមុខប្រវត្តិសាស្រ្តរបស់យើងទាំងអស់គ្នា។ ដូច្នេះទេ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាលុបបំបាត់បទល្មើសមួយនេះ នៅក្នុងខារ៉ាអូខេ និងក្លឹបកម្សាន្ត​នេះអោយបាន។

ក្នុងឱកាសនោះដែរ សម្តេច ស ខេង ក៏បានចេញបញ្ជាមួយទៀត គឺហាមមិនអោយមានការចាត់តាំងកម្លាំងនគរបាលទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកម្សាន្ត​ ដែលសង្ស័យជាទីតាំងប្រព្រឹត្តគ្រឿងញៀនឡើយ ព្រោះថា បើកម្លាំងទៅយាមនៅទីនោះ ដូចទៅយាមកន្លែងគ្រឿងញៀនអីចឹងដែរ ស្របពេលដែលក្រសួងមហាផ្ទៃកំពុងធ្វើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធរឿងនេះ។

គួររំលឹកថា ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេ និងក្លឹបកម្សាន្ត​ធំៗ ដោយបានឃាត់មនុស្សរាប់រយនាក់ និងគ្រឿងញៀនមួយចំនួនធំ ដូចជាក្លឹបកម្សាន្ត​រ៉ុក នៅ​ខណ្ឌចំការមន និងក្លឹបកំសាន្ត «លុច្សសារី» នៅខណ្ឌដូនពេញជាដើម៕