ឥណ្ឌា និងប៉ាគីស្ថាន ប្រឈមនឹងការមកដល់របស់ព្យុះស៊ីក្លូន Vayu

12-06-2019 12:09pm

ឥណ្ឌាៈ ព្យុះស៊ីក្លូនតំបន់ត្រូពិក Vayu កំពុងបោកបក់ឆ្ពោះមកកាន់ភាគពាយព្យប្រទេសឥណ្ឌា ហើយត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកដល់ក្នុងរយៈពេល២៤ម៉ោងទៀត។ មនុស្ស៦លាននាក់ អាចនឹងរងផលប៉ះពាល់ដោយសារតែព្យុះដ៏កំណាចមួយនេះ នៅក្នុងប្រទេសឥណ្ឌា ខណៈដែលប្រទេសជិតខាងប៉ាគីស្ថាន ក៏អាចនឹងរងផលប៉ះពាល់ដូចគ្នា។

អ្នកនាំពាក្យម្នាក់របស់ក្រសួងមហាផ្ទៃឥណ្ឌា បាននិយាយនៅថ្ងៃពុធនេះថា មនុស្សប្រហែល៣០ម៉ឺននាក់ នឹងត្រូវជម្លៀសចេញទៅកាន់ទីជម្រក៧០០កន្លែង ហើយសាលារៀន និងមហាវិទ្យាល័យ នៅក្នុងតំបន់រងផលប៉ះពាល់ នឹងត្រូវបិទរហូតដល់ថ្ងៃសុក្រ។

ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់១២០គ.មក្នុង១ម៉ោង ព្យុះ Vayu អាចនឹងក្លាយជាព្យុះខ្លាំងក្លាជាងគេបំផុតបោកបក់មកលើតំបន់ភាគពាយព្យ ប្រទេសឥណ្ឌា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ព្យុះនេះដែរ បានកើតមានឡើងរយៈពេល១ខែប៉ុណ្ណោះ ក្រោយព្យុះស៊ីក្លូនត្រូពិកដ៏ខ្លាំងក្លា Fani បានបោកបក់មកលើតំបន់ឆ្នេរភាគឦសាន ប្រទេសឥណ្ឌា។

នៅថ្ងៃពុធនេះដែរ ព្យុះ Vayuនឹងបោកឆ្លងកាត់ចម្ងាយ២០០ម៉ែត្រភាគខាងលិចទីក្រុងម៉ុបៃ មុនពេលវាធ្វើដំណើរមកដល់រដ្ឋហ្គូចារ៉ាត់ ស្ថិតនៅតាមតំបន់ឆ្នេរភាគខាងលិចប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បត្តិ៍៕