ការស្ទង់មតិ ៖ ទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង នៅនឹងទ្រឹងរយៈពេល១ឆ្នាំ ក្រោយជំនួបកំពូលនៅសិង្ហបុរី

12-06-2019 11:41am

បរទេសៈ ការស្ទង់មតិមួយ បានបង្ហាញថា រយៈពេលមួយឆ្នាំ ក្រោយជំនួបកំពូលលើកដំបូង រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្រជាពលរដ្ឋភាគច្រើន នៅតាមបណ្តាប្រទេសជាច្រើន ដែលឃ្លាំមើលរឿងមួយនេះ យល់ឃើញថា ទំនាក់ទំនងរវាងគូប្រជែងបច្ចាមិត្តចាស់ទាំង២ មិនបានរីកចម្រើនអ្វីជាដុំកំភួននោះទេ ពោល គឺពួកគេបានលើកឡើងពីភាពជាប់គាំងនៅក្នុងកិច្ចប្រជុំលើកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសទាំង២។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នានៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនាឆ្នាំមុន ក្រោយសង្រ្គាមពាក្យសម្តី ការប្រមាថកាបទាន និងការគំរាមកំហែងនុយក្លេអ៊ែរ ដែលធ្វើឲ្យប្រទេសទាំងពីរ ធ្លាក់ទៅក្នុងមាត់ជ្រោះ នៃការផ្ទុះសង្រ្គាមទៅហើយ។

ប៉ុន្តែការចរចាដែលមានគោលដៅបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ត្រូវបានជាប់គាំងចាប់តាំងពីជំនួបលើកទី២ នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានបរាជ័យកាលពីខែកុម្ភៈកន្លងទៅ។

នៅក្នុងការស្ទង់មតិមួយធ្វើឡើងដោយគ្រឹះស្ថាន Korea Foundation-Vrije Universiteit Brussel Korea Chair និងចេញផ្សាយដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ្នកឆ្លើយតបភាគច្រើននៅសហរដ្ឋអាមេរិក ជប៉ុន និងរុស្ស៊ី បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងព្យុងយ៉ាង គឺស្រដៀងគ្នាដូចកាលពីមុន ដូចអ្វីដែលពួកគេធ្លាប់មានកាលពីរយៈពេល១ឆ្នាំមុនដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ចិន គឺជាប្រទេសតែមួយគត់ ជាកន្លែងដែលភាគច្រើននៃអ្នកឆ្លើយតប បាននិយាយថា ទំនាក់ទំនងប្រទេសទាំង២ បានល្អប្រសើរឡើង ខណៈដែល៣០ភាគរយនៃពលរដ្ឋអាមេរិក និង២៧ភាគរយនៃពលរដ្ឋជប៉ុន អះអាងថា វាកាន់តែអាក្រក់ខ្លាំងបំផុតនោះ៕