ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ខ.ភ.ម ប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០១៩ និងលើក​ទិសដៅការងារ ឆមាសទី២

12-06-2019 11:14am

ភ្នំពេញៈ ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការ បើកប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅអនុវត្តន៍ការងារឆមាសទី២ នៅសាលប្រជុំរបស់ខុទ្ទកាល័យអគ្គបញ្ជាការ ។

ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃកងយោធពលខេមរភូមិន្ទ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅផែនការសកម្មភាពការងារបន្តឆមាសទី២ ឆ្នាំ ២០១៩ របស់ខ្លួន កាលពីព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៩នេះ នៅអគ្គបញ្ជាការដ្ឋានក្រុងភ្នំពេញ ក្រោមអធិបតីភាពលោក​ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងាស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ទោ អ៊ុច សំណាង អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា បានគូសបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៩ ថា ក្នុងរយៈពេលមួយ ឆមាសទី ១ ឆ្នាំ២០១៩ នេះក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការដ្ឋាន នៅតែបន្តអនុវត្តការងារដោយយកចិត្តទុកដាក់បំផុត និងឈរលើស្មារតីទទួលខុសត្រូវ ក្នុងការគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

របាយការណ៍ ក៏​បានលើកឡើងផងដែរ អំពីព្រឹទ្ធិការណ៍ជាតិនឹងអន្តរជាតិសំខាន់ៗដែលពាក់ព័ន្ធដល់បញ្ហាវិបត្តិ នយោបាយ គ្រោះមហន្តរាយធម្មជាតិ អំពើភារវកម្ម បទល្មើសគ្រឿងញៀនឆ្លងដែន បទល្មើសព្រៃឈើ ដែលកើតមានឡើងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីឲ្យអង្គប្រជុំធ្វើការពិចារណាពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រិះ​រកនូវគន្លឹះល្អៗក្នុងការសិក្សាស្រាវជ្រាវ ចងក្រងឯកសារ ពិសេសបានផ្តោតយ៉ាងសំខាន់ទៅលើការងារដែលពាក់ព័ន្ធក្នុងការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិសាស្ត្រយោធា ឲ្យកាន់តែល្អប្រសើរ ។

កិច្ចប្រជុំក៏​បានផ្តល់ឱកាសផងដែរឲ្យដល់ជំនាញដែលពាក់ព័ន្ធ បានឡើងធ្វើបទអន្តរាគមន៍ បង្ហាញពីចំណុចខ្លាំង ចំណុចខ្សោយ ដែលសាម៉ីស្ថាប័នជំនាញនិមួយៗបានអនុវត្តក្នុងរយៈពេលមួយ ឆមាសទី១ កន្លងមក ថាតើក្រុមការងារជំនាញនិមួយៗ អនុវត្តការងារ ក្នុងឆមាសទី១កន្លងមកនេះ មានអ្វីដែលលិចធ្លោ ហើយមានអ្វីដែលជាចំណុចអសកម្ម ដែលយើងធ្វើពុំទាន់បានល្អដោយមូលហេតុអ្វី ការអនុវត្តមិនបានមកពីមូលហេតុអ្វី ដើម្បីរកឲ្យឃើញចំណុចខ្លាំង ខ្សោយ ហើយទទួលបាននូវគន្លឹះល្អៗសំរាប់ដាក់ចេញជាផែនការសកម្មភាពក្នុងការអនុវត្តបន្តនាឆមាសទី២ ឆ្នាំ២០១៩ ខាងមុខនេះឲ្យកាន់តែទទួលជោគជ័យ ។

មានប្រសាសន៍បូកសរុបកិច្ចប្រជុំ នាពេលនោះលោក​ឧត្តមសេនីយ៍ឯក មាស វណ្ណា ជំនួសមុខថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក​បានសំដែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការល្អ របស់នាយ ពលទាហានជំនាញ ទាំងអស់ក្នុងស្ថាប័នក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ដែលក្នុងរយៈពេលមួយ ឆមាសទី១ នេះ បានយកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារបំរើជាតិ ការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បានយ៉ាងរឹងមាំ ។

លោកឧត្តមសេនីយ៍ឯក មាស វណ្ណា ក៏​បានជំរុញឲ្យគ្រប់ជំនាញទាំងអស់ ឲ្យបន្តប្រពៃណី ស្នាដៃដ៏ល្អនេះបន្តទៀត ពិសេសត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពការងារសិក្សាស្រាវជ្រាវ ចងក្រងរាល់ឯកសារប្រវត្តិសាស្ត្រយោធា  ឲ្យកាន់តែមានន័យ ខ្លឹមសារស៊ីជម្រៅ  ដើម្បីតម្កល់ទុក ជាឯកសារប្រវត្តិសាស្ត្ររបស់កងទ័ព ទុកដល់ក្មេងជំនាន់ក្រោយៗ បានសិក្សាស្វែងយល់និងទទួលយកនូវបទពិសោធន៍ សម្រាប់បន្តវេនភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំ ។

ជាមួយគ្នានោះដែរ នាយទាហានទាំងអស់ ក៏​ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមពង្រឹងប្រៀបកាពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕