ពង្រាងច្បាប់ធ្វើបត្យាប័នដល់ចិន របស់ហុងកុង ត្រូវបានពន្យារពេល ក្រោយការផ្ទុះបាតុកម្ម

12-06-2019 10:50am

ហុងកុងៈ ក្រុមបាតុកររាប់ម៉ឺននាក់ និងក្រុមនគរបាល នៅក្នុងទីក្រុងហុងកុង បានជាប់ផុងទៅក្នុងភាពទាល់ច្រក ពេលដែលកំហឹងបានកើនឡើងចំពោះពង្រាងច្បាប់ ដែលនឹងអនុញ្ញាតឲ្យមានការធ្វើបត្យាប័នដល់ចិនដីគោក។

នៅព្រឹកថ្ងៃពុធនេះ ក្រុមបាតុករដែលភាគច្រើននៃពួកគេពាក់ម៉ាស់ និងមួកសុវត្ថិភាពនោះ បានបិទផ្លូវសំខាន់ៗជុំវញអគាររដ្ឋាភិបាល។

ក្រុមនគរបាលបង្ក្រាបកុប្បកម្ម បានឆ្លើយតបវិញជាមួយនឹងការបាញ់ទឹកម្រេចមកលើក្រុមបាតុករ ដើម្បីបំបែកហ្វូងមនុស្ស ហើយពួកគេបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់កម្លាំង។

បច្ចុប្បន្ន ក្រុមប្រឹក្សានីតិបញ្ញត្តិ បានពន្យាពេលការអានលើកទី២លើពង្រាងច្បាប់នេះ។

ក្រុមប្រឹក្សានីតិបញ្ញត្តិដែលគាំទ្រទីក្រុងប៉េកាំង បានចេញនូវសេចក្តីថ្លែងការណ៍មួយនាថ្ងៃពុធនេះ ដោយអះអាងថា ជំនួបដែលនឹងគ្រោងធ្វើឡើងនៅវេលាម៉ោង១១ព្រឹកនេះ នឹងត្រូវលើកពេល ហើយពួកគេនឹងជូនដំណឹងនៅពេលក្រោយ។

ថ្វីត្បិតតែមានការជំទាស់ជាសកលយ៉ាងណាក្តី រដ្ឋបាលទីក្រុងហុងកុង បាននិយាយថា ពួកគេនឹងបន្តជំរុញការធ្វើបត្យាប័នមួយនេះ។

សារព័ត៌មានហុងកុង បានរាយការណ៍ថា ការបោះឆ្នោតផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ក្នុងនោះគេរំពឹងថា ក្រុមប្រឹក្សានីតិបញ្ញត្តិនឹងអនុម័តលើពង្រាងច្បាប់មួយនេះ៕