តុលាការ បន្តកាត់ទោសលោក រ៉ាត់ រ័ត្នមុនី ផលិតករភាពយន្តឯកសារ រឿង “ម្ដាយខ្ញុំលក់ខ្ញុំ”

12-06-2019 9:11am

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានបើកសវនាការបន្តលើសំណុំរឿង "ម្ដាយខ្ញុំលក់ខ្ញុំ" ឬ My Mother Sold Me។ កម្មវត្ថុសំខាន់នៅក្នុងសវនាការនាព្រឹកនេះ គឺតុលាការអនុវត្តតាមការស្នើសុំរបស់មេធាវីការពារឲ្យជនជាប់ចោទ ដែលស្នើឲ្យតុលាការកោះហៅដើមបណ្ដឹងរដ្ឋប្បវេណីមកឆ្លើយតទល់មុខគ្នា ដើម្បីរកយុត្តិធម៌។

សូមរំឭកថា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ចៅក្រមតុលាការបានបើកសវនាការកាត់ទោសលោក រ៉ាត់ រ័ត្នមុនី ផលិតកវីដេអូ "ម្ដាយខ្ញុំលក់ខ្ញុំ" នៅចំពោះមុខជនជាប់ចោទ។

លោក កូយ សៅ ចៅក្រមសាលាដំបូង ជាចៅក្រមជំនុំជម្រុះ និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់លោក រ៉ាត់ រ័ត្នមុនី ពីបទ "ញុះញង់ឲ្យមានការរើសអើង" តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។

ដើមបណ្ដឹងក្នុងរឿងក្ដីនេះ មានឈ្មោះ កែវ ម៉ាំឡៃ, ឈ្មោះ ទេព សាលីន, ឈ្មោះ នាក់ សោភា, អាម៉ិច។ ចំណែកជនជាប់ចោទឈ្មោះ រ៉ាត់ រ័ត្នមុនី អាយុ៤៧ឆ្នាំ ត្រូវឃុំខ្លួនថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

តុលាការបង្ហាញថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ មានវីដេអូរឃ្លីបមួយត្រូវបានបង្ហោះជាភាសារអង់គ្លេសមានខ្លឹមសារថា ក្នុងប្រទេសកម្ពុជា មានអ្នកខ្លះរស់បានដោយមានប្រាក់ចំណូលតិច ជាង១ដុល្លារ ជាហេតុនាំឲ្យអ្នកខ្លះលក់ព្រហ្មចារីកូន ដើម្បីជីវភាពរស់នៅ។ វីដេអូរនេះ ត្រូវបានបណ្ដាញសង្គមផ្សាយតៗគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើល។

ក្នុងសវនាការ ជនជាប់ចោទ បានបដិសេធមិនទទួលយកបទចោទទេ ដោយសារ អាខោនហ្វេសបុកដែលបង្ហោះមិនមែនជារបស់ខ្លួន ហើយខ្លួនមានតួនាទីជាអ្នកបកប្រែភាសាប៉ុណ្ណោះ។ ចំពោះកាតថត ឬសម្ភាស គឺក្រុមអ្នកាសែតរុស្ស៊ីជាអ្នករៀបចំ។

ផ្ទុយពីចម្លើយបដិសេធនេះ ចម្លើយសារភាពនៅចៅក្រមសើបសួរបានសារភាពថា ខ្លួនជាអ្នករៀបចំជ្រើដរើសតួសម្ដែង និងរៀបចំការថតទាំងអស់នៅក្នងសាច់រឿង។ ចំណែកដើមបណ្ដឹងវិញបានឆ្លើយថា ឈ្មោះ រដ្ឋមុនី ជាអ្នកលួងលោមម្ដាយ និងខ្លួនឲ្យសំដែងជសខ្សែវីដេអូរដើម្បីផ្សាយ ដោយពួនគេនឹងទទួលបានការជួយឧបត្ថមពីបរទេស ដើម្បីបើកហាង ឬបានដីនៅបឹងកក់វិញ។

រឿងក្ដីនេះ នៅមិនទាន់បញ្ចប់ទេ ដោយសារមេធាវីជនជាប់ចោទបានទាមទារឲ្យតុលាការកោះហៅដើមបណ្ដឹងមកតទល់ ដូច្នេះចៅក្រមសម្រេចពន្យាពេលសវនាការទៅថ្ងៃទី ១៣មិថុនា ឆ្នាំ២០១៩នេះ ដើម្បីកោះហៅដើមបណ្ដឹងមកបំភ្លឺផ្ទាល់។

កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនប្រធានសហជីពកម្មករសំណង់ ដែលមានមូលដ្ឋាននៅប្រទេសថៃ ហើយជាប់ពាក់ព័ន្ធនឹងសំណុំរឿងផលិតខ្សែវីដេអូរឿង "ម្ដាយខ្ញុំលក់ខ្ញុំ " មកតុលាការហើយ ដើម្បីសាកសួរ និងសម្រេចតាមច្បាប់។ ក្រោយសាកសួរ តុលាការបានសម្រេចឃុំខ្លួនលោក រ៉ាត់ រ័ត្នមុនី។ ២សប្ដាហ៍ក្រោយមក ជនជាប់ចោទបានដាក់ពាក្យសុំនៅក្រៅឃុំ ប៉ុន្តែតុលាការបានបដិសេធ ទើបជនជាប់ចោទបានប្ដឹងមកសាលាឧទ្ធរណ៍ ហើយនៅព្រឹកថ្ងៃទី៣០ ខែមករា សភាស៊ើបសួរបានយកសំណើនេះមកពិភាក្សា។

អ្នកស្រី ឡុង គីមហ៊ាង ដែលត្រូវជាភរិយាលោក រ៉ាត់ រ័ត្នមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នស្រីឈ្មោះ រ៉ាត់ រ័ត្នមុនី ដែលជាប្រធានសហជីពកម្មករសំណង់ និងភ្នាក់ងារសារពតិមានរុស្ស៊ីធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញតាមការស្នើសុំ។

អ្នកស្រី ឡុង គឹមហ៊ាង ក៏បានអះអាងថា ការចាប់ខ្លួនស្វាមីគាត់នេះពាក់ព័ន្ធការផលិតវីឌីអូឯកសារមួយមានចំណងជើងថា "ម្តាយខ្ញុំលក់ខ្ញុំ" របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។

វីដេអូ "ម្តាយខ្ញុំលក់ខ្ញុំ" និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជាបានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បា ព្រោះថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

សមត្ថកិច្ចកម្ពុជា បានបកស្រាយថា វីឌីអូនោះគឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាតែប៉ុណ្ណោះ។ សាច់ញាតិរបស់ជនជាប់ រួមជាមួយអ្នកតវ៉ាអាជីព បានព្យាយាមម្ដងជាពីរដងសុំឲ្យស្ថានទូតរុស្ស៊ីជួយអន្តរាគមន៍មករាជរដ្ឋាភិបាលដើម្បីឲ្យលោករ័ត្នមុនីនៅក្រៅឃុំ៕