របាយការណ៍ ៖ កូរ៉េខាងជើង អាចនឹងកាត់បន្ថយការប្រហារជីវិតសាធារណៈ

11-06-2019 3:49pm

ក្រុងសេអ៊ូលៈ ក្រុមចុះយុទ្ធនាការសិទ្ធិមនុស្ស បានឲ្យដឹងថា នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បន្តអនុវត្តការប្រហារជីវិតជាវិធីសាស្រ្តបំភិតបំភ័យពលរដ្ឋរបស់ខ្លួន ថ្វីត្បិតតែចំនួនប្រហារជីវិតមានការធ្លាក់ចុះដោយសារតែប្រឈមនឹងសំពាធពីអន្តរជាតិក៏ដោយ។

ទីក្រុងព្យុងយ៉ាង បានរងការចោទប្រកាន់ជាយូរមកហើយ ពីការកាត់ទោសប្រហារជីវិត ដើម្បីបង្កឲ្យមានការភ័យខ្លាចនៅក្នុងចំណោមប្រជាពលរដ្ឋរបស់ខ្លួន ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រហារជិវិតមន្រ្តីកំពូលជាច្រើននាក់កាលពីមុន ដែលក្នុងនោះរួមទាំងឪពុកមាដ៏មានអំណាចម្នាក់ គឺលោក ចាង ស៊ុងថេក ផងដែរ កាលពីឆ្នាំ២០១៣។

របាយការណ៍មួយពីក្រុមការងារយុត្តិធម៌អន្តរកាល(TJWG) ដែលជាក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានចងក្រងនូវឯកសារជាមួយពីការប្រហារជីវិតសាធារណៈក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលភាគច្រើនគឺការប្រហារជីវិតនៅក្នុងឆ្នាំ២០១៥ សម្រាប់ការចោទប្រកាន់ពីករណីតូចតាចឡើងទៅ ដូចជាលួចស្ពាន់ និងលួចគោជាដើម។

ក្រុមTJWG បានអះអាងថា បទបញ្ជានៃការប្រហារជីវិតសាធារណៈ គឺទាមទារឲ្យអ្នកបាញ់កាំភ្លើង៣នាក់ បាញ់ម្នាក់៣គ្រាប់មកលើខ្លួនអ្នកទោសដែលត្រូវប្រហារជីវិត ពោលគឺសរុបទាំងអស់៩គ្រាប់។

ការសិក្សានេះដែរ គឺផ្នែកលើការផ្តាល់សាក្សីពីអ្នករត់ចោលជួរកូរ៉េខាងជើង៦២០នាក់ ដោយពួកគេដលើកឡើងផងដែរថា ទីក្រុងព្យុងយ៉ាង មានការព្រួយប្រារម្ភច្រើនពីការពិនិត្យពិច័យអន្តរជាតិ ជាហេតុបង្ខំឲ្យការប្រហារជីវិតបែបនេះ មានការធ្លាក់ចុះ៕