ក្រុមជម្រើសជាតិអេស្ប៉ាញ បន្តឈរនៅកំពូលពូលជម្រុះ Euro 2020 ក្រោយឈ្នះស៊ុយអែត ៣-០

11-06-2019 1:08pm

បាល់ទាត់ៈ កីឡាករ Sergio Ramos និងកីឡាករ Alvaro Morata រកបានគ្រាប់បាល់ដូចគ្នា ពីការស៊ុតបាល់ប៉េណាល់ទី ពេលដែលក្រុមជម្រើសជាតិអេស្ប៉ាញ បំបាក់ក្រុមជម្រើសជាតិស៊ុយអែត៣-០កាលពីថ្ងៃចន្ទ ដើម្បីរក្សាការចាប់ផ្តើមដ៏ល្អរបស់ពួកគេនៅការទាត់ជម្រុះEuro 2020។

ក្រុមជម្រើសជាតិអេស្ប៉ាញ ពិបាកក្នុងការទម្លុះខ្សែការពារក្រុមស៊ុយអែត នៅក្នុងទឹកដី Santiago Bernabeu រហូតដល់កីឡាករ Ramosបំបែកពងមាន់បានសម្រេចនៅនាទី៦៤ ពីការស៊ុតបាល់ប៉េណាល់ទី ក្រោយកីឡាករ Sebastian Larsson ប្រើដៃពាំងការបញ្ជូនបាល់របស់កីឡាករ Marco Asensio។

២គ្រាប់បន្ទាប់នៅក្នុងរយៈពេល២នាទី ពេលដែលកីឡាករ Ramosប្រគល់វេនស៊ុតបាល់ប៉េណាល់ទីដល់កីឡាករ Morata មុនពេលដែលកីឡាករ Mikel Oyarzabal ជាអ្នកបន្ថែមគ្រាប់បាល់ទី៣។

ជ័យជំននេះដែរ មានន័យថា ក្រុមជម្រើសជាតិអេស្ប៉ាញ បន្តឈរនៅលើកំពូលពូល F មាន៥ពិន្ទុ នាំមុខក្រុមលេខ២ស៊ុយអែត ជាមួយនឹងជ័យជំនះ៤លើកក្នុងចំណោម៤ប្រកួតរបស់ពួកគេ។

គុណសម្បត្តិនេះដែរ បានឆ្លុះបញ្ចាំងពីការវិលត្រឡប់មកលេងដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេវិញ ក្រោយការខកចិត្តនៅការប្រកួត UEFA Nations League បើទោះបីជា៣ប្រកួតលើកមុនរបស់ពួកគេប៉ះជាមួយក្រុមអន់ៗដូចជាក្រុម ណ័រវ៉េ ម៉ាល់តា និងក្រុមហ្វារ៉ូ ក៏ដោយ៕