កូរ៉េខាងជើង ជំរុញឲ្យសហរដ្ឋអាមេរិក ផ្លាស់ប្តូរគោលនយោបាយចងសត្រូវ ជាមួយទីក្រុងព្យុងយ៉ាង

11-06-2019 11:22am

កូរ៉េខាងជើងៈ នៅថ្ងៃអង្គារនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ដកចេញនូវគោលនយោបាយចងសត្រូវជាមួយទីក្រុងព្យុងយ៉ាង បើពុំដូច្នោះ កិច្ចព្រមព្រៀងដែលបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំមុន អាចនឹងក្លាយជា “ក្រដាស.ស” ជាក់ជាពុំខាននោះឡើយ។

សេចក្តីថ្លែងការណ៍មួយពីទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានលើកឡើងពីការព្រមានកាលពីសប្តាហ៍មុន ដែលឆ្លុះបញ្ចាំងពីភាពទាល់ច្រក ចាប់តាំងពីជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ កាលពីខែកុម្ភៈ បរាជ័យរួចមកនោះ។

ជំនួបកំពូលនៅក្នុងទីក្រុងហាណូយ បានបរាជ័យដោយសារតែការទាមទាររបស់សហរដ្ឋអាមេរិក ឲ្យកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែរមុន ហើយកូរ៉េខាងជើង ទាមទារឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មជាមុនសិន។

ទីភ្នាក់ងារ KCNA បានរាយការណ៍ថា “គោលនយោបាយអំនួត និងឯកតោភាគី” របស់សហរដ្ឋអាមេរិក នឹងមិនមានប្រសិទ្ធិភាពលើកូរ៉េខាងជើងនោះទេ។

សេចក្តីរាយការណ៍របស់ពួកគេបានអះអាងថា សេចក្តីថ្លែងរួមគ្នា៤ចំណុច ដែលចុះហត្ថលេខាដោយលោកត្រាំ និងលោកគីម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំមុន ដែលប្តេជ្ញាបោះជំហានឆ្ពោះទៅរកទំនាក់ទំនងថ្មី គឺស្ថិតនៅក្នុងគ្រោះថ្នាក់នៃការក្លាយជាក្រដាស.ស ដោយសារតែសហរដ្ឋអាមេរិក កំពុងតែបិទភ្នែកម្ខាងចំពោះការអនុវត្តន៍វា។

សេចក្តីរាយការណ៍នេះ បានបន្តថា ឥឡូវវាដល់ពេលដែលសហរដ្ឋអាមេរិក ត្រូវតែដកចេញគោលនយោបាយចងសត្រូវ ដោយផ្តោតសំខាន់មកលើកូរ៉េខាងជើងហើយ៕