មនុស្ស៥នាក់ស្លាប់ និងរាប់ម៉ឺននាក់ជាប់ខ្លួន ដោយសារជំនន់ទឹកភ្លៀង នៅភាគកណ្តាល និងខាងត្បូង ប្រទេសចិន

11-06-2019 11:05am

ចិនៈ សារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សរាប់ម៉ឺននាក់ បានជាប់ខ្លួន និងមនុស្សយ៉ាងហោច៥នាក់ បានស្លាប់ ស្របពេលភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសចិន ហើយក្រុមអាជ្ញាធរប្រឈមនឹងភ្លៀងធ្លាក់រយៈពេល៤ថ្ងៃបន្តទៀត។

កាសែត China Daily បានរាយការណ៍ថា ទឹកជំនន់បានបំផ្លិចបំផ្លាញដំណាំកសិកម្ម១០.៨០០ហិចតា និងបានបំផ្លាញផ្ទះរាប់់រយខ្នងនៅខេត្តជែងហ្ស៊ី គិតមកទល់នឹងថ្ងៃចន្ទម្សិលមិញ ក្នុងនោះមនុស្ស១.៤លានដុល្លារ រងផលប៉ះពាល់ ហើយនិងធ្វើសេដ្ឋកិច្ចខូចខាតប្រមាណជាង៣៨២លានដុល្លារ។

កាសែត China Daily បានរាយការណ៍ទៀតថា នៅក្នុងតំបន់ក្វាងហ្ស៊ី ស្ថិតនៅភាគនិរតីប្រទេសចិន ផ្ទះសម្បែងប្រជាពលរដ្ឋប្រហែល២ម៉ឺនខ្នង ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី ហើយផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ពន័្ធផ្សេងទៀត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។

យោងតាមកំណត់ហេតុមួយចេញដោយរដ្ឋបាលឧតុនិយមចិន បានឲ្យដឹងថា ភ្លៀងធ្លាក់នៅខេត្តជែងហ្ស៊ី បានកើនឡើងដល់កម្ពស់៦៨៨មីលីម៉ែត្រ ។ ភ្លៀងធ្លាក់នៅតំបន់ជាច្រើនក្នុងខេត្តជែងហ្ស៊ី និងខេត្តហឺណាន បានកើនឡើងដល់កម្រិតជាប់ត្រាប្រចាំខែមិថុនា។

រដ្ឋបាលមួយនេះ បានប្រកាសឲ្យដឹងថា ព្យុះភ្លៀង ត្រូវបានគេរំពឹងថា នឹងកើតមានឡើងនៅខេត្តក្វាងទុង ហ៊្វូជាន ជែងហ្ស៊ី យូណាន ស៊ីឈួន និងកោះតៃវ៉ាន់ រហូតដល់ថ្ងៃព្រហស្បត្តិ៍៕