រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ និងអារ៉ាប់រួម ជជែកគ្នាពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

11-06-2019 7:31am

អារ៉ាប់រួមៈ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហេគី ម៉ាស់ បានធ្វើការព្រមានកាលពីថ្ងៃអាទិត្យ លើអ្វីដែលលោកចាត់ទុកថា ភាពតានតឹង “ឡើងកម្តៅខ្លាំងបំផុត” រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបញ្ចៀសផុតពីសកម្មភាពដែលនាំឲ្យមានអំពើហិង្សាកើតឡើង។

លោក ម៉ាស់ បានថ្លែងបែបនេះ នៅក្នុងទីក្រុងអាប៊ូ ដាប៊ី អំឡុងសន្និសីទកាសែត ជាមួយរដ្ឋមន្រ្តីការបរទេសអារ៉ាប់រួម លោកសេក អាប់ឌូឡា ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់។

លោកម៉ាស់ បានធ្វើការសង្កត់ធ្ងន់ផងដែរពីសារសំខាន់នៃកិច្ចព្រមព្រៀងអ៊ីរ៉ង់ ជាមួយប្រទេសមហាអំណាចពិភពលោក។

គួរឲ្យដឹងថា អាល្លឺម៉ង់ គឺជាប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងនេះ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសដកខ្លួនកាលពីឆ្នាំមុន។

ខណៈពេលដែលចរចាឡើងវិញលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ លោកម៉ាស់ បាននិយាយថា តិចតួច ឬស្តួចស្តើង គឺជាអ្វីមួយដែលយើងនឹងមិនទទួលយកនោះទេ។

លោកម៉ាស់ និងជួបជាមួយក្រុមមន្រ្តីអ៊ីរ៉ង់នៅថ្ងៃចន្ទនេះផងដែរ នៅឯទីក្រុងតេអេរ៉ង់។

សូមបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់លោកម៉ាស់ បានកើតមានមុនដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកហ្ស៊ីនហ្សូ អាបេ មកកាន់អ៊ីរ៉ង់នៅក្នុងសប្តាហ៍នេះ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង៕