នាយករដ្ឋមន្រ្តីជប៉ុន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់ ស្របពេលភាពតានតឹងជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

10-06-2019 3:52pm

ទីក្រុងតូក្យូៈ នាយរដ្ឋមន្រ្តីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ ដែលជាបេសកកម្មការទូតដ៏កម្រមួយ ដោយសង្ឃឹមថា នឹងអាចបញ្ឈប់ភាពតានតឹងរវាងសាធារណរដ្ឋអ៊ីស្លាមមួយនេះ និងសម្ព័ន្ធមិត្តសំខាន់របស់ទីក្រុងតូក្យូ គឺជាទីក្រុងវ៉ាស៊ីងតោន។

គួរឲ្យដឹងថា ទីក្រុងតេអេរ៉ង់ កំពុងជាប់គាំងជាមួយសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតីដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្ត កាលពីឆ្នាំមុន។

បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីងតោន បានដាក់ទណ្ឌកម្មទាំងអស់មកលើទីក្រុងតេអេរ៉ង់ និងបានបញ្ជូនទាហានទៅកាន់តំបន់នោះ ដើម្បីដាក់សំពាធយោធា និងសំពាធសេដ្ឋកិច្ចមកលើអ៊ីរ៉ង់ ដែលក្នុងនោះរួមទាំងបង្ខំឲ្យប្រទេសសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដូចជាជប៉ុន បញ្ឈប់ការទិញប្រេងអ៊ីរ៉ង់។

ក្រុមមន្រ្តីរដ្ឋាភិបាលជប៉ុន បាននិយាយថា លោកអាបេ នឹងមិនបង្ហាញទីក្រុងតេអេរ៉ង់នូវបញ្ជីទាមទារអ្វីនោះឡើយ ឬនាំសារពីទីក្រុងវ៉ាស៊ីងតោន ហើយផ្ទុយទៅវិញ លោកចង់បង្ហាញគោលជំហររបស់ជប៉ុន ក្នុងនាមជាអន្តរការីអព្យាក្រិត្សប៉ុណ្ណោះ។

លោកអាបេ នឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រូហានី និងមេដឹកនាំកំពូលប្រទេសមួយនេះ គឺលោក អាលី ខាមេណី អំឡុងដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនានេះ ដែលនេះ គឺជាលើកដំបូងគេហើយដែលនាយករដ្ឋមន្រ្តីជប៉ុន បំពេញទស្សនកិច្ចមកកាន់អ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ១៩៧៨  ពោលគឺរយៈពេល១ឆ្នាំប៉ុណ្ណោះ មុនពេលបដិវត្តន៍អ៊ីរ៉ង់៕