អតីតតារាចម្រៀង សាន សុខកក្កដា ឡើងផ្ទះម្តង២ ក្នុងពេលតែមួយ

10-06-2019 11:01am

ភ្នំពេញៈ អតីតតារាចម្រៀងអ្នកស្រី សាន សុខកក្កដា កាលពីយប់មិញនេះ បានធ្វើពិធីឡើងគេហដ្ឋានថ្មី ក្នុងបុរីគ្រីស្ទាល់ ក្រុងតាខ្មៅ។ អ្វីដែលពិសេស គឺអ្នកស្រីរៀបចំពិធីឡើងផ្ទះម្តង២ដោយចំណាយទឹកប្រាក់អស់ជាច្រើនម៉ឺ​នដុល្លារ។

ដោយសារតែធ្លាប់មានប្រវត្តិប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំ ហើយសាងស្នាដៃក្នុងសិល្បៈផងនោះ ទោះជាពេលនេះអ្នកស្រីដកថយសិល្បៈ ក៏មានវត្តមានអ្នកសិល្បៈមួយចំនួន សុទ្ទ​តែជាអ្នកមានឈ្មោះល្បីមកចូលរួម ក្នុងនោះដូចជា ខាត់ សុឃីម ញឹម ចាន់ថន ស៊ឹម ថៃណា លោកអ៊ឹម ជីវ៉ា កញ្ញាយេយេ លោក ហួរ សុផល លោក លី សុខជន និងតារាមួយចំនួនទៀត។

អ្នកស្រី សាន សុខកក្កដា បានឲ្យ​ដឹងថា អ្នកស្រីធ្លាប់ប្រឡងជាប់លេខ១ ប្រចាំក្រុងកំពង់សោមនាឆ្នាំ១៩៩៥ ហើយបន្តមកប្រឡងទូទាំងប្រទេសមិនបានជាប់នោះទេ។ ក្រោយមក ក៏បោះពួយប្រឡូកសិល្បៈតាមការស្រឡាញ់ ដោយអំឡុងពេលនៅសិល្បៈឧស្សាហ៍ឡើងច្រៀងនៅស៊ីធីអិនរបស់កម្មវិធី យុគ ចិន្តា។ ចំពោះផ្ទះដែលឡើងម្តង២នេះ អ្នកស្រីសូមបញ្ជាក់ដែរថាមួយជាផ្ទះល្វែងរបស់ប្អូនប្រុស មួយទៀតជាផ្ទះវីឡាកូនកាត់ ដែលជារបស់អ្នកស្រីផ្ទាល់។ដោយ​សារតែមានប្រវត្តិសិល្បៈបែបនេះ ហើយទើបអ្នកស្រីមានការចូលរួមពីសិល្បករ និងញាតិមិត្តដ៏ច្រើនធ្វើឲ្យ​រំភើបចិត្តបំផុត។

អ្នកស្រី សុខ​កក្កដា បានក្លាយជាស្ត្រីមេម៉ាយជាង៣ឆ្នាំ ដោយអ្នកស្រីមើលថែកូនស្រី៣នាក់ដោយផ្ទាល់ ដោយកូនស្រីបង២នាក់ មានដុងសិល្បៈ អ្នកស្រីបានជំរុញឲ្យចាប់អាជីពមួយនេះ។ មុខរបររបស់អ្នកស្រីសព្វថ្ងៃ គឺ​លក់ងៀតគោ ងៀតក្របី ដាក់តាមបណ្តាហាង និងខារ៉ាអូខេជាច្រើននៅក្នុងភ្នំពេញ៕