តារាល្បីៗ បង្ហាញមុខក្នុង​ជប់លៀងបញ្ចប់ការផលិតរឿង “រៃប្តូទ្រនុំ” និងរឿង “ពិសស្នេហ៍”

10-06-2019 8:06am

ភ្នំពេញៈ សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើន បាបបង្ហាញវត្តមាន ក្នុងកម្មវិធីជប់លៀងប្រកាសបញ្ចប់ការផលិតភាពយន្តភាគរឿង ”រៃប្តូទ្រនុំ“ និងរឿង”ពិសស្នេហ៍”។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេង៥ កាលពីរាត្រីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ អមដោយការចូលរួមពីសំណាក់ផលិតករ ក្នុងរឿងទាំងពីរខាងលើផងដែរ។

ក្រុមផលិតករដែលបានចូលរួមក្នុងកម្មវិធីនេះ បានបញ្ជាក់ថា ក្រោយពីប្រឹងប្រែងផលិតដោយយកចិត្តទុកដាក់ ទាំងពីសំណាក់ក្រុមការងារបច្ចេកទេស និងសិល្បករ រឿង”រៃប្តូទ្រនុំ “ និងរឿង”ពិសស្នេហ៍” បានបញ្ចប់ការផលិតប្រកបដោយជោគជ័យ។ ផលិតករបញ្ជាក់ដែរថា ភាពយន្តទាំងពីរ សុទ្ធតែមានចំណុចទាក់ទាញរៀងខ្លួន ពិសេសសាច់រឿងដែលពោរពេញដោយខ្លឹមសារអប់រំ ប្រទាក់ក្រលា។ រឿងទាំងពីរត្រូវបានផលិតដោយថតនៅទីតាំងសំខាន់ជាច្រើន ពិសេសខេត្តដែលមានទេសភាពស្អាត និងត្រូវទៅនឹងសាច់រឿងខណៈដែលរឿង”ពិសស្នេហ៍”នឹងធ្វើការចាក់បញ្ជាំងក្នុងអំឡុងខែសីហាឆ្នាំ២០១៩ និងរឿង”រៃប្តូទ្រនំ” និងត្រូ វចាក់បញ្ចាំងនៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ខាងមុខ។

តួឯកស្រីក្នុងរឿង”រៃប្តូទ្រនុំ”កញ្ញា ផាត់ ផាន់ណា បានបញ្ជាក់ថា នេះគឺជាភាពយន្តដែលឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់នារី ដែលធ្វើដំណើរមកពីជនបទ មករស់នៅទីក្រុង និងប្រឹងប្រែងក្នុងនាមជីវិតជាសិល្បករ។ ទោះជាយ៉ាងណាជីវិតនាងជួបរឿងរ៉ាវជាច្រើន រួមទាំងការធ្វើទុក្ខបុកម្នេញ ដែលមានឈុតឆាក កាច់កុង ឈ្នានីស  និងបង្កប់ដោយអត្ថន័យអប់រំច្រើន។ ក្នុងរឿងនេះនាងត្រូវបានសម្តែងជាតួឯករួមជាមួយលោកលេង មង្គល។ ភាពយន្តភាគថ្មីនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា កញ្ញា នីតា វរវង្ស កញ្ញា ភី យ៉ាដា លោក សន ពិសិដ្ឋ អ្នកនាង ឆៃ លីដាឡែន និងសិល្បករជាច្រើនទៀត។

តួឯកស្រីក្នុងរឿង”ពិសស្នេហ៍” កញ្ញាព្រះកាយច័ន្ទ វិញបញ្ជាក់ថា ក្នុងភាពយន្តនេះឆ្លងកាត់ការលំបាកជាច្រើនទាំងសម្រាប់សិល្បករ និងផលិតករព្រោះតែភាពយន្តនេះមានការលាយបញ្ចូលគ្នាទាំងឈុតឆាកបុរាណ និងសម័យ ដែលឈុតបុរាណត្រូវប្រើប្រាស់ទាំងសម្ភារៈ ការតុបតែងខ្លួន និងភាសារាជស័ព្ទផងដែរ ។

ទោះជាយ៉ាងណាការខិតខំប្រឹងប្រែងរបស់សិល្បករផលិតករ និងក្រុមការងារទាំងអស់អាចសម្រេចបាលទ្ធផលគួរជាទីមោទនៈ។ នាងថាក្នុងរឿងនាងត្រូវសម្តែងជាតួឯកស្រីកម្សត់ជួបរឿងរ៉ាវជាច្រើន ប៉ុន្តែនាងពិតជាពេញចិត្តខ្លាំងសម្រាប់ឈុតឆាកនៃការរាំរបាំក្បាច់បុរាណខ្មែរ ដែលនាងធ្លាប់បានហ្វឹកហាត់កន្លងមក។ នាងរំពឹងថាស្នាដៃថ្មីដែលនាងសម្តែងនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន៕