អាមេរិក​ ឈានដល់កិច្ចព្រមព្រៀងជាមួយម៉ិកស៊ិក ដើម្បីបញ្ចៀសផុតពីការដំឡើងពន្ធ

08-06-2019 11:40am

អាមេរិកៈ ប្រទេសម៉ិកស៊ិក បានយល់ព្រមចាត់វិធានការពុំធ្លាប់ដែលមានពីមុនមក ក្នុងការជួយទប់ស្កាត់លំហូរចូលនៃជនអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចៀសផុតពីការដំឡើងតម្លៃពន្ធ ដែលត្រូវបានគំរាមកំហែងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ។

លោកត្រាំ បានប្រកាសឲ្យដឹងតាម Twitterថា កិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់ ដើម្បីពន្យាពេលការដំឡើងតម្លៃពន្ធក្នុងរយៈពេលមួយមិនច្បាស់លាស់។
គួរឲ្យដឹងថា លោកត្រាំ បានគំរាមអនុវត្តន៍ពន្ធ៥ភាគរយលើការនាំចូល ដែលពន្ធនេះ នឹងឡើងជារៀងរាល់ខែ បើសិនជាម៉ិកស៊ិក មិនចាត់វិធានការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ទេនោះ។

ការដំឡើងពន្ធនេះ គ្រោងនឹងចូលជាសុពលភាពនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។

កិច្ចព្រមព្រៀងដែលត្រូវបានប្រកាសឲ្យដឹងតាម Twitterដោយរដ្ឋមន្រ្តីការបរទេសម៉ិកស៊ិក លោកម៉ាសេឡូ អេបា្រដ បានកើតមានឡើងនៅដំណាច់កិច្ចចរចារយៈពេល៣ថ្ងៃ ដែលមើលឃើញទីក្រុងវ៉ាស៊ីងតោន ទាមទារឲ្យចាត់វិធានការបង្រ្កាបមកលើជនអន្តោប្រវេសន៍អាមេរិកកណ្តាល៕