នាវាចម្បាំងរុស្ស៊ី និងអាមេរិក ស្ទើរតែជិតប៉ះទង្គិចគ្នានៅសមុទ្រចិនខាងកើត

08-06-2019 11:33am

សមុទ្រចិនខាងកើតៈ នាវាចម្បាំងរុស្ស៊ី និងនាវាចម្បាំងសហរដ្ឋអាមេរិក ស្ទើរតែប៉ះទង្គិចគ្នាទៅហើយនៅក្នុងសមុទ្រចិនខាងកើត ស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយភាគីម្ខាងៗ បានថ្កោលទោសគ្នាទៅវិញទៅមកសម្រាប់ឧប្បត្តិហេតុមួយនេះ។

កងនាវា Pacific Fleet របស់រុស្ស៊ី បាននិយាយថា នាវាចម្បាំង USS Chancellorsville បានបើកកាត់មុខនាវាចម្បាំង Admiral Vinogradovរបស់ពួកគេ ត្រឹមតែ៥០ម៉ែត្រប៉ុណ្ណោះ កាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹក ម៉ោងនៅក្នុងទីក្រុងម៉ូស្កូ។

ពួកគេក៏បង្ខំចិត្តប្រើប្រាស់ការគ្រប់គ្រងនាវាបន្ទាន់ ដើម្បីគេចចេញពីនាវាសហរដ្ឋអាមេរិក។

ប៉ុន្តែ កងកម្លាំងសហរដ្ឋអាមេរិក បែរជាថ្កោលទោសរុស្ស៊ី ដោយអះអាងថា នាវារបស់ពួកគេគឺជាអ្នកត្រូវទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។

លោកក្លេតុន ដូស គឺជាមេបញ្ជាការកងនាវាសហរដ្ឋអាមេរិក US Seventh Fleetបានចាត់ទុកថា កងទ័ពជើងទឹករុស្ស៊ីជាអ្នកគ្មានអាជីព និងមិនសុវត្ថិភាព ដោយលោកបានអះអាងថា នាវាចម្បាំងរបស់ពួកគេ ធ្វើការគ្រប់គ្រងនាវាដោយគ្មានសុវត្ថិភាពប្រឆាំងនឹងនាវា USS Chancellorsville ។

លោកដូស បាននិយាយថា ការចោទប្រកាន់របសរុស្ស៊ី គ្រាន់តែជាការឃោសនាតែប៉ុណ្ណោះ៕