ក្រុមហ៊ុនផលិតផលថ្នាំជក់ នៅកម្ពុជាមួយចំនួន មិនបានបោះពុម្ភសារព្រមានសុខភាព លើកញ្ចប់បារីនៅឡើយ

07-06-2019 1:11pm

ភ្នំពេញៈ អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យភូមិភ្នំពេញ បានអះអាងថា ក្រុមហ៊ុនផលិតផលថ្នាំជក់មួយចំនួន នៅតែមិនមានការបោះពុម្ភសារព្រមានសុខភាព លើផលិតផលថ្នាំជក់លើកញ្ចប់បារីនៅឡើយ ខណៈដែលច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលថ្នាំជក់បានតម្រូវឲ្យមានសារព្រមានសុខភាពនៅគ្រប់ផលិតផលថ្នាំជក់ទាំងអស់។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា ស្ដីពីការអង្កេត ការអនុវត្ដច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ នាព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៩នេះ នៅអគារមិត្ដភាពកិច្ចសហប្រតិបត្ដិកម្ពុជា-កូរ៉េ លោក កៅ សុវណ្ណតារា អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិភ្នំពេញ បានលើកឡើងថា ក្រោយពីស្រាវជ្រាវ និងអង្កេតឃើញថា ក្រុមហ៊ុនផលិតផលថ្នាំជក់ចំនួន១១នៅកម្ពុជា គឺមិនទាន់បានអនុវត្ដន៍តាមច្បាប់បានកំណត់ នៅឡើយនោះទេ ដោយក្រុមហ៊ុនទាំងអស់នោះ នៅតែបន្ដការផ្សព្វផ្សាយផលិតផលថ្នាំជក់គ្រប់ទម្រង់ ជាពិសេសនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ហាងការហ្វេ និងកន្លែងសារធាណៈ គឺមិនមានការបិទស្លាកសញ្ញាហាមឃាតការជក់បារីទេ ។ដោយឡែកក្រុមហ៊ុនមួយនចំនួនទៀត មិនបានបោះពុម្ភសារប្រមានសុខភាពនៅលើកញ្ចប់បារីតែម្ដង។

លោកបានបញ្ជាក់ថា ការបន្ដសកម្មភាពបំពានច្បាប់របស់ក្រុមហ៊ុនផលិតផលថ្នាំជក់ទាំងនេះ បានបង្កបញ្ហប្រឈមយ៉ាងធ្ងន់ធ្ងដល់សុខភាពសាធារណៈ និងបាត់បង់ថវិកាជាតិជាច្រើន ដោយសារតែក្រុមហ៊ុនបារីខ្លះ មិនបានបង់ពន្ធចូលរដ្ឋ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា មានតែការផាកពិន័យ និងអនុវត្ដន៍តាមច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលចូលជាធរមានកាលថ្មីៗនេះទេ ទើបធ្វើអោយម្ចាស់ក្រុមហ៊ុន ឬអ្នកជាប់ពាក់ព័ន្ធទៅនឹងផលិតផលថ្នាំជក់ មានការភ័យខ្លាច និងរៀងចាល។

លោកបានបញ្ជាក់ថា ការអនុវត្ដនេះ គឺមន្រ្ដីអធិការកិច្ចក្រសួងសុខាភិបាល នឹងចុះអនុវត្ដន៍ចុងឆ្នាំ២១០៩ខាងមុខនេះ ដើម្បីជំរុញឲ្យក្រុមហ៊ុនបារីទាំងអស់អនុវត្ដន៍តាមច្បាប់កាន់តែមានប្រសិទ្ធភាព និងកាត់ការប្រើប្រាស់ផលិតផលថ្នាំជក់មកនៅកម្រិតទាបបំផុត។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ កម្ពុជាបានខាតបង់ថវិកាជាតិ ប្រមាណ១៦៣លានដុល្លារអាមេរិក ទៅលើកការព្យាបាលជំងឺផ្សេងៗ បង្កឡើងពីការជក់បារី ក្នុងនោះប្រមាណ ២០១លានដុល្លារអាមេរិក ប្រជាពលរដ្ឋបានចំណាយក្នុងការទិញបារីជក់ផងដែរ៕