អង្គការសុខភាពពិភពលោក ៖ អ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា នឹងកើនឡើងរហូតដល់១៥០០០នាក់ នៅក្នុង១ឆ្នាំ

07-06-2019 1:06pm

ភ្នំពេញៈ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការ សុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ ដោយសារតែប្រើប្រាស់ថ្នាំជក់នៅកម្ពុជា នឹងកើនឡើងប្រមាណជា ១៥០០០នាក់ នៅក្នុង១ឆ្នាំ ខណៈបណ្ដាឆ្នាំមុនៗ មានត្រឹមតែ១ម៉ឺននាក់ប៉ុណ្ណោះ។

សូមរំលឹកថា កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាល បានអនុម័តគ្រប់គ្រងថ្នាំជក់ ដែលផ្ដោតសំខាន់ ទៅលើការដំឡើង ពន្ធផលិតផលថ្នាំជក់ ផាកពិន័យទៅលើការជក់បារី នៅតាមទីសាធារណៈ កន្លែងធ្វើការ និងនៅតាមមធ្យោបាយ ធ្វើដំណើរសាធារណៈផ្សេងៗ ការប្រើរូបភាពពីការប៉ះពាល់ ដល់សុខភាព៥៥% នៅលើកញ្ចប់ផលិតផលបារី ក៏ដូចជាការផាកពិន័យ នៅលើការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភផ្សេងៗ។

ក្នុងសិក្ខាសាលា បង្ហាញលទ្ធផលស្រាវជ្រាវស្ដីពី ការអនុវត្តច្បាប់ ត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ លោក យ៉ិល ដារ៉ាវុធ បានឲ្យដឹងថា ថ្នាំជក់បានសម្លាប់មនុស្ស ច្រើនជាង៧លាននាក់ ជារៀងរាល់ឆ្នាំ នៅលើពិភពលោក។ ច្រើនជាង៦លានស្លាប់ ដោយការប្រើប្រាស់ថ្នាំជក់ផ្ទាល់ រួមទាំង៨៩០០០០នាក់ទៀត ជាអ្នកមិនជក់បារី ដែលរងនូវការ ស្រូបផ្សែងបារីក្នុង១ឆ្នាំៗ។ ថ្នាំជក់បណ្ដាលឲ្យពលរដ្ឋ ៨លាននាក់ស្លាប់ នៅលើពិភពលោក និងជាង១ម៉ឺននៅកម្ពុជា។

លោកបន្តថា “ដោយឡែកប្រទេសកម្ពុជាយើង ក៏កើនដែរឥឡូវនេះរបាយការណ៍ថ្មី របស់អង្គការសុខភាពពិភពលោក ដែលនឹងបង្ហាញនៅពេលខាងមុខ បង្ហាញថា ការស្លាប់កើនឡើង រហូតដល់១៥០០០នាក់ នៅក្នុង១ឆ្នាំ សម្រាប់ប្រជាពលរដ្ឋកម្ពុជា បើយើងគិត១ថ្ងៃជិត៤០នាក់”។

បន្ថែមពីនេះ អង្គការពិភពលោក បញ្ជាក់ថា តួរលេខចំនួនអ្នកស្លាប់នេះ ពិតជាច្រើនខ្លាំងណាស់ ដូច្នេះ ការអនុវត្តន៍ច្បាប់ស្ដីពី ការគ្រប់គ្រងអនុវត្តន៍ថ្នាំជក់ ត្រូវមានប្រសិទ្ធខ្លាំងជាងមុន ដើម្បីជួយកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ នៅកម្ពុជាផងដែរ។ ចំណែក នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោក មុំ គង់ ក៏បានលើកឡើងថា “ប្រជាពលរដ្ឋកម្ពុជាយើង ជាង៣០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារតែការប្រើប្រាស់ថ្នាំជក់”។

លោក ផាន់ ចាន់ពៅ ប្រធានដេប៉ាតេម៉ង់ចិត្តវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា ពាក់ព័ន្ធនឹងការអនុវត្ត ច្បាប់ត្រួតពិនិត្យ ផលិតផលថ្នាំជក់ គឺពុំទាន់មានការអនុវត្ត និងត្រួតពិនិត្យ បានពេញលេញនូវឡើយទេ ពោលគឺក្រុមហ៊ុនថ្នាំជក់ នៅតែធ្វើការផ្សព្វផ្សាយ ពីផលិតផលរបស់ខ្លួន តាមគ្រប់មធ្យោបាយ ការដាក់តាំងលក់ ការដាក់រូបភាព និងអក្សរជាសារព្រមាន សុខភាពនៅលើកញ្ចប់បារី និងការបិទតែមប៍ពន្ធ របស់រដ្ឋាភិបាល គឺពុំទាន់គ្រប់លក្ខណៈនូវឡើយ៕