លោក ត្រាំ នឹងពិចារណាលើការដំឡើងពន្ធទំនិញចិន៣០០ពាន់លានដុល្លារបន្ថែមទៀត ក្រោយកិច្ចប្រជុំ G20 នៅជប៉ុន

07-06-2019 10:48am

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងសម្រេចចិត្តថា តើគួរតែអនុវត្តតាមការគំរាមកំហែងរបស់លោកឬយ៉ាងណា ដើម្បីដំឡើងតម្លៃពន្ធបន្ថែមទៀត លើទំនិញចិន យ៉ាងហោច៣០០ពាន់ដុល្លារ ក្រោយជំនួបរវាងមេដឹកនាំប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនៅចុងខែនេះ។

គួរឲ្យដឹងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានកាន់តែដុនដាបទៅ ចាប់តាំងពីលោកត្រាំ កាលពីដើមខែឧសភា បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបំពានលើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្លាស់ប្តូរវិធីសាស្រ្តធ្វើមុខជំនួញជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោក។

ចាប់តាំងពីពេលនោះមក ភាគីទាំង២ បានចាប់ផ្តើមប្រឆាំងមកលើក្រុមហ៊ុនគ្នាទៅវិញទៅមក ហើយនិងបានផ្តោះផ្តងសង្រ្គាមពាក្យសម្តីតាមរយៈវេទិការការទូត គឺជាការឡើងកម្តៅមួយដែលធ្វើឲ្យទីផ្សារសកលលោករងភាពរង្គោះរង្គើរ ហើយនិងធ្វើឲ្យបាត់បង់ការវិនិយោគទុនជាង១.៥ទ្រីលានដុល្លារនៅទូទាំងពិភពលោក។

លោក ត្រាំ បានដំឡើងតម្លៃពន្ធ២៥ភាគរយលើទំនិញនាំចូលពីចិន២០០ពាន់លានដុល្លារ ហើយនិងបានបញ្ជាឲ្យអ្នកតំណាងពាណិជ្ជកម្មរបស់លោករៀបចំការដំឡើងតម្លៃពន្ធ៣០០ពាន់លានដុល្លារបន្ថែមទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុននាថ្ងៃទី២៨ និងទី២៩ ខែមិថុនា ខាងមុខនេះ នឹងក្លាយជាឱកាសលើកដំបូងគេសម្រាប់លោកត្រាំ និងប្រធានាធិបតីចិន លោកហ្ស៊ី ជីនពីង ជួបគ្នា ចាប់តាំងពីកិច្ចប្រជុំ G20 លើកមុននៅទីក្រុង Buenos Aires របស់អាហ្សង់ទីន កាលពីចុងឆ្នាំ២០១៨។ លោក ត្រាំ បាននិយាយថា ការសម្រេចចិត្តលើការដំឡើងពន្ធទំនិញចិន៣០០ពាន់លានដុល្លារ នឹងធ្វើឡើងនៅក្រោយជំនួបនោះ៕