តារាចម្រៀង ឃីង សាន់ មានប្រវត្តិឆ្លងកាត់ពី​កម្មកររោងចក្រ

07-06-2019 9:22am

ភ្នំពេញៈ តារាចម្រៀង ឃីង សាន់ ដែលប្រិយមិត្តឃើញថា មានរូបរាងសង្ហាញញឹមស្រស់ ការពិតលោកមានដំណើរប្រវត្តិជាកម្មករតាមរោងចក្រ ដើម្បីតស៊ូចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ម្ល៉ោះហើយនៅពេលដែលលោកឈានចូលមកដល់កន្លែងរោងចក្រ ដើម្បីច្រៀងសម្តែងធ្វើឲ្យ​កើតមានអារម្មណ៍ក្តុកក្តួលបំផុត។

តារាចម្រៀងឃីង សាន់បានតស៊ូក្នុងសិល្បៈច្រើនឆ្នាំមកហើយដោយដំបូងលោកចូលទៅបំពេញការងារឲ្យវិទ្យុឌីភី និងធ្វើជាពិធីករ ដើម្បីរៀនសូត្របម្រើសិល្បៈ។ ពេលនេះលោកបានក្លាយជាសមាជិកចម្រៀងមួយក្រុមទៀតនៃនាទី«សុខភាព»ទិសដៅច្រៀងអប់រំដល់បងប្អូនកម្មកររោងចក្រ។

តារារៀមច្បងក្នុងក្រុមមានលោក ជួន អមរិទ្ឋ លោក ជ័យ សុវ៉ាត លោក ប៉ែន សារ៉ាវ លោកបាទី កញ្ញា សុខ មុនីរក្សា លោក គូម៉ា ចែម ស្រីលក្ខណ៍ កញ្ញាដាលីស និងតារាជាច្រើនទៀត។អ៊ី​ចឹងហើយ ពេលលោក ឃីង សាន់ បុកចូលជាតារាសមាជិលថ្មីនេះ ពិតជាមានសន្ទុះគាំទ្រហើយសម្បូរហ្វេនៗស្រឡាញ់តាមរោងចក្រ ដូចបណ្តារៀមច្បងមុនៗជាក់ជាមិនខាន។

ឃីង សាន់ ដែលមានឱកាសច្រៀងអប់រំសុខភាពជូនដល់កម្មកររោងចក្រ បានសម្តែងនូវការរំជួលចិត្ត ដ្បិតលោកក៏​ធ្លាប់ចាប់ការងាររោងចក្រយល់ច្បាស់ថា បាយកញ្ចប់រោងចក្រមានរសជាតិបែបណា ហើយប្រឈមការខ្វះខាតអ្វីខ្លះ។ លោកបានផ្ញើសារដល់បងប្អូនធ្វើការរោងចក្រត្រូវចេះតស៊ូធ្វើការ ហើយព្យាយាមថែរក្សាសុខភាពឲ្យល្អ ដើម្បីជៀសផុតពីជំងឺផ្សេងៗ៕