ព័ត៌មានរសើប ៖ អាមេរិក ត្រៀមលក់អាវុធក្នុងតម្លៃជាង២ពាន់លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់

06-06-2019 11:12am

អាមេរិកៈ សហរដ្ឋអាមេរិក កំពុងតែត្រៀមខ្លួនលក់រថក្រោះ និងសញ្វវុធតម្លៃជាង២ពាន់លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។ នេះបើយោងតាមសម្តីមនុស្ស៤នាក់ ដែលនៅជិតស្និតនឹងកិច្ចចរចានេះ បាននិយាយឲ្យដឹងថា ដែលវាទំនងជាធ្វើឲ្យចិនក្តៅក្រហាយយ៉ាងខ្លាំង ខណៈដែលសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក នៅមិនទាន់បានបញ្ចប់ ហើយថែមទាំងឡើងកម្តៅខ្លាំងទៀតនោះ។

ប្រភពព័ត៌មានចំនួន៤ ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែគេមិនអនុញ្ញាតឲ្យនិយាយពីកិច្ចព្រមព្រៀងមួយនេះ បានទម្លាយឲ្យដឹងថា ការប្រកាសព័ត៌មានមួយនៃការលក់អាវុធស្នើសុំ ត្រូវបានបញ្ជូនទៅដល់ដៃសភាអាមេរិក រួចហើយ។

ប្រភពព័ត៌មាន៣ បានអះអាងថា ការលក់សញ្វាវុធដ៏មានសក្តានុពល ដែលរួមទាំងរថក្រោះ General Dynamics Corp M1A2 Abrams ចំនួន១០៨គ្រឿងដែរនោះ នឹងមានតម្លៃប្រហែល២ពាន់លានដុល្លារ ក៏ដូចជាអាវុធប្រឆាំងរថក្រោះ និងយន្តហោះផងដែរ។

កោះតៃវ៉ាន បានចាប់អារម្មណ៍ជាយូរមកហើយជម្រុះចោលរថក្រោះចាស់ៗ ដែលមានស្រាប់ ផលិតនៅសហរដ្ឋអាមេរិក ដែលក្នុងនោះរួមទាំងរថក្រោះ M60 Patton ផងដែរ។

សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាដែនដីរបស់ខ្លួន ហើយនិងមិនបដិសេធចោលនោះទេ ក្នុងការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមកោះប្រកាសគ្រប់គ្រងដោយខ្លួនឯងមួយនេះមកវិញ។

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បាននិយាយកាលពីខែមីនា កន្លងទៅថា សហរដ្ឋអាមេរិក បានឆ្លើយតបវិជ្ជមានចំពោះសំណើរបស់ទីក្រុងតៃប៉ិ សម្រាប់ការទិញអាវុធថ្មី ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន ក្នុងការប្រឈមសំពាធពីចិន។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គ្មានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ប៉ុន្តែពួកគេធ្វើតាមច្បាប់ ដើម្បីផ្តល់ជូនអាវុធទាំងនេះធ្វើជាមធ្យោបាយការពារខ្លួនឯង។

ចិន និងសហរដ្ឋអាមេរិក បានជាប់ផុងយ៉ាងជ្រៅទៅក្នុងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹងជាទីបំផុត ការប៉ះទង្គិចគ្នារឿងកោះតៃវ៉ាន់ និងបញ្ហានៅសមុទ្រចិនខាងត្បូង ដែលអាមេរិកគោចរដោយសេរីនោះ៕