អបអរ តារា ពេជ្រ អតីតបេក្ខជនប្រឡងកម្មវិធី​ The Melody រកបានផលិតកម្មបំបែកទីផ្សារ

05-06-2019 9:57am

ភ្នំពេញៈ អតីតបេក្ខជនប្រឡងចម្រៀង The Melody លោក តារា ពេជ្រ ក្រោយប្រឡងចប់កម្មវិធីប្រកួតនោះ មកឃើញថា ការងារសិល្បៈហុចផលឲ្យ​ជាបន្តបន្ទាប់ ធ្វើឲ្យ​ទីផ្សារមានការហក់ឡើងលឿនខុសពីមុន។ តារាចម្រៀងខ្លួនក្មេងសំឡេងចាស់រូបនេះ ទើបតែក្លាយជាតារាចម្រៀងក្នុងផលិតកម្ម ដោយកំពុងត្រៀមចម្រៀងជាច្រើនបុកទីផ្សារធ្វើឲ្យ​ហ្វេនៗកំពុងទទ្ទឹងរង់ចាំស្តាប់។

ផលិតកម្មដែលលោក តារា ពេជ្រ ចូលខ្លួនមកបំបែកការទាក់ទាញនោះ ត្រូវគេស្គាល់ថាមានបុគ្គល៣នាក់ជាអ្នករួមសហការគ្នាកសាងឲ្យ​ល្បីលេចធ្លោ ក្នុងនោះមានលោក ហេង ឡុង អ្នកនិពន្ធ និងជាតារាចម្រៀង លោក សួន ពិសិដ្ឋ និងអ្នកនាង ចន ច័ន្ទលក្ខិណា។ ដូចនេះគេសុទ្ឋតែដឹងថា បុគ្គលទាំង៣នេះ សុទ្ធ​តែជាស្នូលសំខាន់ដូចៗគ្នា ដែលអាចទាញនាវាផលិតកម្មឲ្យ​ទាក់ទាញបាន។

ក្នុងផលិតកម្មខាងលើនេះ មានការសម្រិតសម្រាំងបេក្ខជនច្រើននាក់ណាស់ ដែលឆ្លងកាត់ការធ្វើតេស្តប្រឡងត្រឹមត្រូវ។ ឆ្លងកាត់ការវិភាគសមត្ថភាពឃើញថា មានបេក្ខជន៤រូប សម្រេចយកធ្វើជាតារាក្នុងផលិតកម្ម ក្នុងនោះមាន តារា ពេជ្រ ផងដែរ។

បើនិយាយពី តារា ពេជ្រ វិញ ផ្នែកសំឡេង គឺឆ្អិនម្យ៉ាងដែរ ព្រោះគេរៀនជំនាញច្រៀងចេញពីសាលាវិចិត្រសិល្បៈ។ ម្ល៉ោះហើយទាំងចម្រៀងសម័យ និងបុរាណ​ តារា ពេជ្រ អាចធ្វើបានដែលជាបច្ច័យមួយធ្វើឲ្យ​ តារា ពេជ្រ កាន់តែឆក់បានសន្ទុះចាប់ចិត្ត ក្រោយតស៊ូសិល្បៈច្រើនឆ្នាំ៕